តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលនឹងចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅដើមឆ្នាំ២០២៦


ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជាចំនួន ១៦រូប ដឹកនាំដោយលោក ចឹក លីម អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៩ ដែលនឹងធ្វើដំណើរចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងរយៈពេល ៣៤ថ្ងៃនេះ កម្មវិធីនាវានឹងចាប់ផ្តើមនៅទីក្រុងតូក្យូ រួចបន្តដំណើរតាមកប៉ាល់ទៅកាន់ប្រទេស សិង្ហបូរី។

ពិធីសំណេះសំណាលនេះជាលើកទី៦ បានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងគោលបំណង ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន ជាទុនសម្រាប់យុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ពិសេសបណ្ដុះបណ្ដាលគំនិតសហប្រតិបត្តិការអន្តរជាតិ ដោយបង្កឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជន នៃប្រទេសនីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវការក្ដីនឹករលឹក និងស្រលាញ់ជាពន់ពេក រួមទាំងផ្ដល់នូវថវិកាលើកទឹកចិត្ដ ដល់យុវជនកម្ពុជា ទាំង១៦រូបផងដែរ ទោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ។

ក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ពិសេសកោតសរសើរចំពោះសមត្ថមភាពរបស់ប្រតិភូនាវាយុវជនកម្ពុជា ដែលអនាគតសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសរសរទ្រូងដ៏រឹងមាំរបស់កម្ពុជា។

ទន្ទឹមនឹងនោះក៏បានគូសរម្លឹកថា​ដល់យុវជនជំនាន់ក្រោយៗនេះ ត្រូវចាប់យកឱកាសនេះឱ្យបានល្អ ដោយត្រូវខិតខំរៀនសូត្រ ពីបណ្ដាយុវជននៅតាមប្រទេស ចេះសហការ សាមគ្គីគ្នា រួសរាយរាក់ទាក់ ពិសេសត្រូវផ្សព្វផ្សាយពីសម្បត្ដិវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើង ដល់បណ្ដាប្រទេសជាមិត្ដរួមដំណើរផងដែរ។

លើសពីនោះឯកឧត្តម ពិត ចំណាន បានជំរុញលើកទឹកចិត្ដដល់យុវជនគ្រប់រូប ត្រូវក្រេបយកចំណេះជំនាញ និងបទពិសោធន៍ ដែលមិនមាននៅសាលា ពិសេសបើកចិត្ដដើម្បីទទួលយកចំណេះដឹងថ្មី ហើយត្រូវធ្វើខ្លួនជាអ្នកត្រូវទទួលយកទាំងអស់ ទាំងវប្បធម៌ ប្រពៃណី បច្ចេកទេស ឥរិយាបទ ពិសេសត្រូវចេះសម្របខ្លួន ត្រូវសកម្មភាពក្នុងការស្វែងសិក្សា, សូមកុំមានអំណួត ឬមោទនភាពលើខ្លួនឯងខ្លាំងពេក និងត្រូវស្ដាប់ឱ្យបានច្រើន ជាជាងការនិយាយច្រើន និងត្រូវយកចិត្ដទុកដាក់លើការទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្ដិការ ទាំងនៅទីនោះ និងត្រលប់មកស្រុកយើង, ចេះជួយគ្នាទៅវិញទៅមក និងត្រូវមានគុណធម៌នៅក្នុងខ្លួនជាប់ជានិច្ច ដោយមិនត្រូវមើលងាយដល់អ្នកដែលខ្សត់ខ្សោយ និងមិនបានរៀនដូចយើង។

ជាងនេះទៅទៀតឯកឧត្តមបានផ្ដាំផ្ញើដល់ប្រតិភូនាវាយុវជនកម្ពុជាថា សូមឱ្យប្អូនដែលត្រូវទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវគិតថា ការទៅចូលរួមនេះ គឺក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា ដូច្នេះសកម្មភាពអ្វីទាំងឡាយដែលនាំឱ្យអាប់អោនដល់ប្រទេសជាតិ សូមឱ្យប្អូនចៀសវាង ពីព្រោះថាត្រីមួយកន្ដ្រក បើស្អុយមួយ ស្អុយទាំងអស់។ ដូច្នេះក្នុងឱកាសទៅចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលមានរយៈពេល៣៤ថ្ងៃនេះ សូមត្រលប់មកវិញឱ្យគេដឹងថា ប្រទេសកម្ពុជាយើង ជាប្រទេសមួយតូច ប៉ុន្ដែយុវជនយើងមានអាកប្បកិរិយាល្អ សីលធម៌ល្អ មានគុណធម៌ល្អ ចេះជួយគ្នាទៅវិញទៅមក និងមានចំណេះដឹងជ្រៅជ្រះយ៉ាងល្អប្រសើរ។ មួយវិញទៀតត្រូវចេះលើកស្ទួយវប្បធម៌របស់យើង បង្ហាញពីអត្ដសញ្ញាណជាតិយើង ហើយជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាយើងផងដែរ។

ជាមួយគ្នានេះឯកឧត្តមបានផ្ដាំផ្ញើដល់ប្រតិភូនាវាយុវជនកម្ពុជា ត្រូវថែរក្សាសុខភាព, គោរពវិន័យ, ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់យើង ហើយត្រូវស្រលាញ់គ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ និងមើលថែរគ្នាឱ្យបានល្អ ហើយត្រូវកសាងមិត្ដភាពជាមួយបណ្ដាមិត្ដទាំងឡាយដែលបានចូលរួមជាមួយយើង៕