អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន គ្រួសារវីរកងទ័ព និងពលរដ្ឋភៀសសឹក ២៤៣គ្រួសារ និង ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ២៩៣គ្រួសារ ក្នុងស្រុកកងមាស សរុប ៥៣៦គ្រួសារ។
ក្នុងពេលសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋានមួយរយ: ដើម្បីជំលៀសខ្លួនចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។
ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ក៏ដូចជាវីរកងទ័ព និងគ្រួសារ ភៀសសឹក ឲ្យទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ៕










