ចាប់តាំងពីព្រឹកមក នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែទទួលអំណោយពីសប្បុរសជននានាដដែល នេះបញ្ជាក់ពីខឿនការពារជាតិ ប្រជាជនក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី។
ពោលគឺក្រោយពីក្រុមទាហានថៃបាញ់ចូលឈ្លានពានបូរណភាពទឹកដីកម្ពុជា មានសប្បុរសជន, ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ជាង១០០ហើយ បានសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀត មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា។
នាថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក៏មិនខុសពីថ្ងៃម្សិលម៉ិញដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដោយអភិបាលរងជាច្រើនរូប បានអញ្ជើញទទួលអំណោយពីសប្បុរសជន នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដែលមានសប្បុរសជននានា, ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋជាច្រើន បានសម្រុកយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចជា៖ អំណោយអាជ្ញាធរខណ្ឌព្រែព្នៅ ថវិកាចំនួន៣០លានរៀលសម្ភារៈ និងស្បៀងអាហារផ្សេង ចំនួន៧ឡាន គណៈកម្មការគ្រប់គ្រងផ្សារធំថ្មី, គណៈកម្មការផ្សារទួលទំពូង, បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងសប្បុរសជនជាច្រើនទៀត។ សម្រាប់នៅល្ងាចថ្ងៃទី១៣ ខែធ្នូ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, គណៈកម្មការផ្សារ, អាជ្ញាធរខណ្ឌចំការមន, ខណ្ឌ៧មករា និងសប្បុរសជនជាច្រើនទៀត ក៏បានយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ពេលយប់ផងដែរ។
អំណោយដែលទទួលបាន នាព្រឹកថ្ងៃអាទិត្យទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក៏មិនខុសពីថ្ងៃមុនៗដែរ គឺមានដូចជា៖ ថវិកា ត្រីខ មី ពងទាប្រៃ ទឹកបរិសុទ្ធ អង្ករ អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៉ីវ បន្លែ ប្រែងឆា មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ អាវរងារ ទឹកផ្លែឈើ និងទឹកក្រូច ក្រមា ខោ អាវ កាតាបកូនសិស្ស និងថ្នាំពេទ្យជាដើម។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋជាសប្បុរសជនទាំងអស់ ដែលបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕











































