ឯកឧត្តម អោក សៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលពង្រឹងឃុំព្រះដាក់ ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៥០០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងវត្តព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
នាឱកាសនោះដែរ ឯកឧត្តម អោក សៀង ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋភៀសសឹក ពីសង្គ្រាមដែលរត់គេចពីសង្គ្រាមនៃការឈ្លានពានពីប្រទេសសៀម លើដែនអធិបតេយ្យភាពរបស់កម្ពុជា។
នៅចំពោះមុខពលរដ្ឋភៀសសឹក ឯកឧត្តម បានរម្លឹកថា ប្រជាពលរដ្ឋខ្មែរ ច្បាស់ណាស់មិនចង់ឃើញ មិនចង់លឺសង្គ្រាមនោះទេ ពីព្រោះប្រជាជនកម្ពុជា បានឆ្លងកាត់នូវភ្លើងសង្គ្រាមដ៏ជូរចត់ និងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រជាជនគ្រប់រូបមិនចង់ឱ្យសង្គ្រាមវិលត្រឡប់មកលើទឹកដីកម្ពុជា វិញនោះទេ។ ប៉ុន្តែ បែរជាមាតុភូមិកម្ពុជា ត្រូវរងគ្រោះដោយសារការឈ្លានពានពីប្រទេសសៀម បង្កទុក្ខវេទនាដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រត់ចោលផ្ទះសម្បែង ព្រមទាំងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ជាង ១០នាក់ បានស្លាប់ដោយសារទម្ងន់នៃគ្រាប់របស់យោធាសៀមឈ្លានពានទៅវិញ។
អំណោយដ៏ថ្លៃថ្លាដែលនាំមកប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន៥០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន ២០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ព្រមទាំងប្រគេនបច្ច័យដល់វត្តព្រះដាក់ចំនួន ២លានរៀល សម្រាប់ចំណាយថ្លៃទឹក ថ្លៃភ្លើងជាដើម៕


























