ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋានចំនួន ៤ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។
ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។
ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួន ៤ ទីតាំងរួមមាន៖ កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ, កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ, កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ និងកសិដ្ឋាន លោក សួង សង្ហា ដែលកំពុងចិញ្ចឹមត្រី ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរ និងលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋានទាំងបួន ឲ្យបន្តពង្រឹង និងពង្រីកការដាំដុះ និងការចិញ្ចឹមបន្ថែមទៀត ឲ្យបានកាន់តែច្រើន និងមានទំហំធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឲ្យបានពេញលេញ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មពីបរទេស។
ទន្ទឹមនឹងការជំរុញផលិតកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានទាំងអស់ អាចធ្វើការទាក់ទងមកធនាគារ ARDB ដើម្បីទទួលបានទុនវិនិយោគបន្ថែម ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ពិសេសសម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម។ នេះជាយន្តការមួយរបស់រាជរដ្ឋាភិបាល តាមរយៈ ARDB ក្នុងការគាំទ្រដល់កសិករ និងកសិដ្ឋានខ្នាតតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានចូលរួមចងក្រងជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីងាយស្រួលក្នុងការទទួលបានកម្ចី ដើម្បីយកទៅពង្រីកមុខរបរ, ទទួលបាន បច្ចេកទេស ពីអ្នកជំនាញតាមផ្នែក និងភ្ជាប់ទៅកាន់ទីផ្សារ។
សមាគមបណ្តាញកសិករតេជោនឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួល និងធានានូវចីរភាពនៃការដាំដុះ និងការចិញ្ចឹមរបស់កសិករ និងកសិដ្ឋានកម្ពុជា។
ដំណើរចុះពិនិត្យនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជីវភាពកសិករ តាមរយៈការគាំទ្រទាំងទុន ទាំងបច្ចេកទេស និងទីផ្សារ៕











