រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានបង្ហាញការព្រួយបារម្ភជុំវិញការវិវត្តស្ថានការណ៍ដ៏ស្មុគស្មាញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អំឡុងកិច្ចពិភាក្សា ជាមួយសមភាគីថៃរបស់លោក លោក Sihasak Phuangketkeow នៅក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency) លោក Trung បានអំពាវនាវឱ្យភាគីទាំង២ រក្សាភាពអត់ធ្មត់ បញ្ចៀសរាល់សកម្មភាពធ្វើឱ្យជម្លោះកើនឡើង ព្រមទាំង ដោះស្រាយការខ្វែងគំនិតគ្នាដោយមធ្យោបាយសន្តិវិធី តាមរយៈកិច្ចសន្ទនា ក៏ដូចជាអនុលោមទៅតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងតំបន់ រួមទាំងយន្តការដែលមានស្រាប់។
រដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានបន្ថែមដែរថាវៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការសម្របសម្រួលជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងនោះរួមមានទាំងថៃ ដើម្បីចូលរួមចំណែកយ៉ាង សកម្មដើម្បីប្រឹងប្រែងជាសមូហភាពឆ្ពោះទៅរកស្ថិរភាពតំបន់យូរអង្វែង៕


