សម្តេចប្រធានរដ្ឋសភា ចាត់ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី អញ្ជើញសួរសុខទុក្ខដល់វីរៈកងទ័ព នៅមន្ទីរពេទ្យកាល់ម៉ែត


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងក្រុមសភាជាតិកម្ពុជា នៃ​អ្នក​នយោបាយ​សភា​ស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី និង​ជា​ប្រធាន​គណ:កម្មការ​សុខាភិ​បាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅ​រសៀល​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ ២០២៥ អញ្ជើញ​ចុះសួរ​សុខ​ទុក្ខដល់វីរៈកងទ័ព​សម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យកាល់ម៉ែត ដែល​បាន​រងរបួស​ក្នុង​ការតស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញការពារពីការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា។

ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តីបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានជូនពរដល់វីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ចូលអង្គភាពវិញ ដើម្បី​បន្ត​បេសកកម្ម​ការពារ​ប្រទេស​ជាតិ និងឆាប់បានវិលជួបជុំក្រុមគ្រួសារវិញ។ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បានលើកទឹកចិត្ត និង​ថ្លែង​នូវ​ការ​កោត​សសើរ​ចំពោះ​ការ​លះបង់ និងវីរភាពដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារ​អធិបតេយ្យ​បូរណភាព​ទឹក​ដី​ពី​ការឈ្លានពានរបស់យោធាសៀម។

វីរៈកងទ័ពក៏បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​មហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវ ឡោក ខេង ក៏ដូចជា​ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតបានចាត់តំណាង និងចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បាននាំយកនូវថវិកាមួយចំនួនជូនដល់វីរកងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យកាល់ម៉ែត ដែលជាថវិកា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចំនួន ១៥លានរៀលផងដែរ៕