(ព្រះវិហារ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនរថយន្តប្រមូលសំរាម ចំនួន១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការងារអន្តរាគមន៍ប្រមូលសំរាម លើកកម្ពស់សុខភាព អនាម័យបរិស្ថាន និងធានាភាពស្អាតនៅតាមមណ្ឌលជនភៀសសឹកនានា។
ពិធីប្រគល់-ទទួលនេះ បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ព្រមទាំងអ្នកពាក់ព័ន្ធ រួមជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលចុះប្រចាំការជួយគាំទ្រលើកិច្ចគាំពារបរិស្ថាន នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការអរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់រថយន្តដឹកសំរាម មធ្យោបាយដឹកជញ្ជូនសំរាម និងធុងសំរាម សម្រាប់ប្រើប្រាស់ ដើម្បីជួសសម្រួលការទុក ដាក់សំរាម របស់បងប្អូនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព។
សូមបញ្ជាក់ថា ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ ខណៈពេលដែលកម្ពុជាត្រូវបានសត្រូវឈ្លានពានទឹកដី និងមានជនភៀសសឹកជាច្រើន នៅតាមមណ្ឌលសុវត្ថិភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងសំរាមនិងសម្ភារៈដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្ត ដែលទទួលរងគ្រោះ ដោយសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ ដើម្បីចែកជូនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងមាន ធុងសំរាមសរុបចំនួន ៣៥០ធុង ផ្តល់រថយន្តដឹកសំរាមចំនួន ១ គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ម៉ូតូដឹកសំរាមចំនួន ២៥គ្រឿងដល់ខេត្តដែលមានមណញឌលសុវត្ថិភាពសម្រាប់ជនភៀសាឹក។
លើសពីនេះ ក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថានបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តគោលដៅ ធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ទឹក និងអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ជាប្រចាំ ជំរុញឱ្យមានការទុកដាក់សំរាម ការញែកសំរាមឲ្យបានត្រឹមត្រូវ ទប់ស្កាត់ការដុតសំរាម និងសំណល់ប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ជនភៀសសឹក។
នៅក្នុងដំណាក់កាលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ពីប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា យើងបានមើលឃើញយ៉ាងច្បាស់ ពីការរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនទូទាំងប្រទេស មានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ប្រឆាំងសត្រូវឈ្លានពាន៕











