សិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំអប់រំកាយប្រកបដោយបរិយាបន្ន បិទបញ្ចប់ដោយជោគជ័យ


(ភ្នំពេញ)៖ សិក្ខាសាលាស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំអប់រំកាយប្រកបដោយបរិយាបន្ន ដែលរៀបចំដោយអគ្គនាយកដ្ឋានកីឡា សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាសប្រចាំកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរអរគុណថ្នាក់ដឹកនាំក្រសួង ដែលតែងតែផ្តោតការយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ជាពិសេសការផ្តល់ឱកាសដល់កុមារ និងសិស្សានុសិស្សបានចូលរួមអនុវត្តសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ និងសិស្សានុសិស្សឱ្យមានសុខភាពល្អ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាទទួលបាននូវលទ្ធផលការសិក្សាខ្ពស់។

ឯកឧត្តម បន្តថា សិក្ខាសាលានេះបានបង្ហាញយ៉ាងច្បាស់ អំពីអប់រំកាយ មិនមែនមានន័យត្រឹមតែការហាត់ប្រាណ ឬលេងកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការអប់រំដែលជួយរអភិវឌ្ឍសុខភាពរាងកាយ សុខភាពផ្លូវចិត្ត វិន័យ ការសហការគ្នា និងសីលធម៌សង្គម។ ដូច្នេះការបញ្ជ្រាបអប់រំកាយប្រកបដោយបរិយាបន្ន មានន័យថា សិស្សគ្រប់រូប មិនថាជាសិស្សមានពិការភាព សិស្សក្រីក្រ សិស្សនៅតំបន់ឆ្ងាយ ឬសិស្សមានសមត្ថភាពខុសៗគ្នា ទាំងអស់ត្រូវទទួលបានឱកាសស្មើគ្នា ក្នុងការចូលរួមសកម្មភាពអប់រំកាយ៕