អភិបាលខេត្តត្បូងឃ្មុំ ណែនាំកងកម្លាំងនគរបាលខេត្ត បន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់


ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់កងកម្លាំងនគរបាលខេត្តត្បូងឃ្មុំទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលុបបំបាត់ឱ្យបានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីធានាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ការណែនាំរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រជុំប្រតិបត្តិការណ៍ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ពិធីបិទនេះដែល ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសមាជិក សមាជិកា ចំនួន ២២២នាក់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំផ្ទាល់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានខិតខំប្រឹងប្រែងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ លោក ស្នងការ បានលើកឡើងពីជោគជ័យនៃការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងការផ្តល់សេវាសាធារណៈ (អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ) ដែលទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាលឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា សន្តិសុខគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍខេត្ត ដូច្នេះសូមឲ្យកងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ លុបបំបាត់ឱ្យបាននូវល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់ឆ្នាំ២០២៦។ ឯកឧត្តម បានណែនាំដល់កងកម្លាំងនគរបាលខេត្តត្បូងឃ្មុំទាំងអស់ ត្រូវបន្តពង្រឹងវិន័យកងកម្លាំង លើកកម្ពស់សមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តម អគ្គស្នងការរង បានជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងមុខសញ្ញា ការបង្ការបទល្មើសតាមព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង និងត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនៅឆ្នាំ២០២៦ ខាងមុខនេះ៕