ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី សង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃ នឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត


នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីស្វាគមន៍ឆ្នាំថ្មី រៀបចំដោយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋានរបស់ឯកឧត្តម។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងពីការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី។ ក្នុងស្មារតីសាមគ្គីភាពដ៏ស្មោះស្ម័គ្រ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដល់ប្រជាជនកម្ពុជា ជាពិសេសចំពោះគ្រួសារដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងបរិបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការចរចាការទូត។