សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូនគ្រឿងឧបភោគបរិភោគជូនគ្រួសារកងទ័ព ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវអំណោយដែលជាសណ្តានចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាមន្ត្រី និងលោកជំទាវ ជូនដល់ក្រុមគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋខ្វះខាតជីវភាព នៅឃុំទាំង៥ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចមហាមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ បញ្ហាប្រកបដោយយុទ្ធសាស្ត្រ និងការផ្តល់យោបល់ប្រកបដោយបទពិសោធន៍ខ្ពស់របស់សម្តេចទាំងទ្វេ ដែលធ្វើឲ្យវីរកងទ័ពគ្រប់រូប បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ។

សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល ជានិច្ចកាលតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខ សុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត ពិសេសក្នុង កាលៈទេសៈ ដែលយោធាថៃបាននឹងកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ហេតុនេះហើយ ទើបសម្តេចមហាមន្ត្រី នាំយកនូវអំណោយជូនដល់គ្រួសារកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត សរុបចំនួន ១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ចំនួន ១បាវ ស្មើ៥០គ.ក មី ចំនួន១កេស ស្មើ២៤កញ្ចប់ ត្រីខ ចំនួន១យួរ ស្មើ១០កំប៉ុង ទឹកត្រី ចំនួន ១យួរ ស្មើ ៦ដប ទឹកស៊ីអ៊ីវ ចំនួន ១យួរ ស្មើ ៦ដប នំស្រួយលីលី ចំនួន១កញ្ចប់ធំ ស្មើនឹង៣៣កញ្ចប់តូច និងថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល)។

សម្តេចមហាមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្ត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចមហាមន្ត្រី បានមានប្រសាសន៍ផងដែរ អំពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព ដែលយើងត្រូវរួបរួមគ្នាថែរក្សាការពារឲ្យបានជាដាច់ខាត។

សូមជម្រាបជូនថា គ្រួសារកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១៥០គ្រួសារ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានឃុំជលសារ ចំនួន៤៣គ្រួសារ ឃុំកោះថ្កូវ ចំនួន២៧គ្រួសារ ឃុំកំពង់អុស ចំនួន២០គ្រួសារ ឃុំពាមឆ្កោក ចំនួន២៥គ្រួសារ និងឃុំព្រៃគ្រី ចំនួន៣៥គ្រួសារ៕