សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងធម្មការនិងសាសនា នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីរួមគ្នាផ្ដល់ជាកម្លាំងចិត្តគាំទ្រដល់វីរកងទ័ព វីរនគរបាលជាតិ


លោកជំទាវ សូ ភត្រ្តា ចាយបូរិន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធម្មការ និងសាសនា រួមជាមួយ លោកជំទាវ មិន ចណ្ឌីណែត ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងអនុប្រធាន និងសមាជិកា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាគោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅគេហដ្ឋានរបស់សម្ដេច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធម្មការ និងសាសនា ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា ដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយ រួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រដល់វីរកងទ័ព វីរនគរបាលជាតិដែលកំពុងឈរជើងការពាំរទឹកដីនៅសមរភូមិមុខ។

សូមជម្រាបជូនថា គ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនវីរកងទ័ព វីរនគរបាល ដែលកំពុងឈរជើងវាយទប់ទល់ជាមួយការឈ្លានពានរបស់ចោរសៀម និងចែកជូនប្រជាជនភៀសសឹកនៅតាមមណ្ឌលភៀសសឹកផងដែរ រួមមានអំបុកស្រូវថ្មី ចំនួន ១០០ គីឡូក្រាម មីខ្លាឃ្មុំ ចំនួន ១០០កេស នំទាហាន ចំនួន ៥កេស ទឹកផ្លែឈើ ចំនួន ២១កេស ព្រមទាំងថវិកាចំនួន១០លានរៀល របស់ សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងធម្មការ និងសាសនា៕