ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក


ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអង្ករ៥តោន, ទឹកបរិសុទ្ធ៥០០កេស, មីខ្លាឃ្មុំ៣០០កេស, កែវជ័រ៦កេស, ថង់៦កេស, នំ៥០កេស និងអំបុក៣កេស ដែលសប្បុរសជនបានផ្តល់ជូនលោក ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួបរួមសាមគ្គីគ្នានាអំឡុងពេលដ៏លំបាក ដើម្បីបន្តប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។

ពិធីប្រគល់ទទួលអំណោយខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណមុខសាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងបានការចូលរួមពីលោកអភិបាលរងខេត្ត និងប្រតិភូមិអាជ្ញាធរមីនកម្ពុជាមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ខាងលើនេះ គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនតាមរយៈលោក ក្នុងស្មារតីខ្មែរតែមួយ និងការរួបរួមសាមគ្គីគ្នា ក្នុងអំឡុងពេលដ៏លំបាក ដើម្បីជួយដល់ពលរដ្ឋភៀសសឹក និងដើម្បីជាការរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងឈរជើងតំបន់ព្រំដែន កម្ពុជា-ថៃ និងបានបង្ហាញអំពីកម្លាំងសាមគ្គីដ៏រឹងមាំនៅជួរក្រោយ ក្នុងការគាំទ្រយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ពីសត្រូវថៃឈ្លានពាន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ រួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណជូនចំពោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាឱកាសនេះ ក្នុងការចូលរួមឧបត្ថម្ភ ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក សបញ្ជាក់ឱ្យឃើញពីការជួយទ្រទ្រង់ ដល់ខឿនការពារជាតិពិតប្រាកដមែន។ ជំនួយនេះដែរ គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូន តាមរយៈលោកទេសរដ្ឋមន្ត្រី ក្នុងស្មារតីខ្មែរតែមួយ ដែលទង្វើនេះពិតជាបានបង្ហាញពីសាមគ្គីភាព និងសេចក្តីមេត្តាករុណា ក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ៕