ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងមានការចូលរួម ពីរដ្ឋបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនគ្រួសារសព ឧត្តមសេនីយ៍ត្រី សុខ ផល នាយទាហាននៃយោធភូមិភាគទី២ កងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារ អធិបតេយ្យនិងបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសថៃ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមសម្ដែងនូវសេចក្តីក្រៀមក្រំបំផុត ចំពោះបាត់បង់វីរកងទ័ព ដ៏អង់អាច ក្លាហាននៃកងយោធពលខេមរភូមិន្ទ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សុខ ផល បានរៀបចំឡើងនៅទីតាំងផ្ទះបុណ្យ នាភូមិក្តុលក្រោម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕















