សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ពសមរភូមិមុខ ដែលរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ 


កាលពីល្ងាចថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពមកពីសមរភូមិមុខ ចំនួន២១រូប ដែលរងរបួសក្នុងការប្រយុទ្ធកាពារ ទឹកដីតទល់ជាមួយពួកចោរសៀមឈ្លានពាន ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (រាជធានីភ្នំពេញ) ។

ក្នុងឱកាសនោះ សម្តេចភក្តី បានសំណេះសំណាលសាកសួរសុខទុក្ខ និងសួរពីស្ថានភាពនៃជម្ងឺ របួស ហើយព្រមជាមួយគ្នានេះដែរ សម្តេច ក៏បានថ្លែងសរសើរផ្តល់កម្លាំងចិត្ត និងថ្លែងអរគុណដល់ក្មួយៗ ប្អូនៗទាំងអស់ និងជូនពរឱ្យឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត ៕