ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ និងចែកជូនដល់វីរកងទ័ព និងជនភៀសសឹក នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ


(ខេត្តសៀមរាប) ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រគល់និងចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងប្រយុទ្ធការពារទឹកដីយ៉ាងអង់អាចក្លាហាន ប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពាននៅសមរភូមិមុខ និងជូនជនភៀសសឹកចំនួនជាង ១០០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងព្រះសុមង្គសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម លី សារី អភិបាលរងតំណាងឯកឧត្តមអភិបាលនៃគណអភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ុន សុភ័ក្តិ អភិបាលរងតំណាងឯកឧត្តមអភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងធម្មការនិងសាសនា និងឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ វីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហានជាមួយនឹងខ្មាំងសត្រូវឈ្លានពាន នៅសមរភូមិមុខ និងជូន លោកតាលោកយាយ ស្រ្តីមានផ្ទៃពោះ ជនពិការ អ៊ំ ពូ មីង បងប្អូនភៀសសឹកទាំងអស់ ដែលជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ព វីរនគរបាលជាតិ និងបងប្អូនគ្រប់ពេលវេលា។

នេះជាការបំពេញភារកិច្ចស្របតាមការចង្អុលបង្ហាញរបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់វីរកងទ័ព វីរនគរបាលជាតិ និងបងប្អូនភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីតាំងមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី របស់យោធាថៃ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ព វីរនគរបាលជាតិជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល ព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាពជូនបងប្អូនភៀសសឹក ដោយការយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី“ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេស រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនដល់វីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព វីរនគរបាលជាតិ ព្រមទាំងបងប្អូនជនភៀសសឹក។ សម្ភារៈទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក ដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។ ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត និង ជឿជាក់លើវីរកងទ័ព វីរនគរបាលជាតិជួរមុខដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏សូមគោរពសម្ដែងនូវការដឹងគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោប្រធានព្រឹទ្ធសភា រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រ ជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា គ្រួសារណា ឬយោធិនណាឱ្យនៅឯកោនោះឡើយ ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។