ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសប្រាប់ពិភពលោកថា «ការ​ឈ្លានពានមួយ ដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា​គំរូទៅថ្ងៃក្រោយ»


ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ អតីត​ប្រធានវិទ្យុបារាំង (RFI) ដែលបច្ចុប្ប​ន្នជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រកាសប្រាប់ពិភពលោកអំពីការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ដោយលើកឡើងថា «ការ​ឈ្លានពានមួយ ដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា​គំរូទៅថ្ងៃក្រោយ»។
តាមរយៈសារមួយទៅកាន់ពិភពលោក និងប្រជាជនកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងទាំងស្រុងដូច្នេះថា៖
«កម្ពុជាប្រឈមនឹងការឈ្លានពានពីសំណាក់ថៃ
១. ខ្ញុំសូមនិយាយទៅកាន់ពិភពលោក…
ខ្ញុំសូមនិយាយទៅកាន់ពិភពលោកថា កម្ពុជាមិនមែនកំពុងធ្វើសង្គ្រាមដោយការជ្រើសរើសនោះទេ។ អ្វីដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនរបស់យើងនៅថ្ងៃនេះ ក៏មិនមែនជាឧប្បត្តិហេតុ ឬការកើនឡើងនៃភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាននោះដែរ។ វាជាការឈ្លានពានម្តងហើយម្តងទៀត ដែលត្រូវបានរៀបចំ និងអនុវត្តយ៉ាងប្រុងប្រយ័ត្ន។ ២ដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសរបស់យើងបានរងការវាយប្រហារ។ មិនមែនតាមរយៈឧប្បត្តិហេតុ ដាច់ដោយឡែកនោះទេ ប៉ុន្តែតាមរយៈការប្រើប្រាស់កម្លាំងដ៏ឃោរឃៅដែលត្រូវបានគិតគូយ៉ាងល្អិតល្អន់។ នៅពីក្រោយភាសា «សន្តិសុខជាតិ» ការវាយលុកឈ្លានពានយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើង ដោយមិនត្រឹមតែវាយប្រហារ លើទីតាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារលើជនស៊ីវិល ប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
នៅពេលការឈ្លានពានតាមជើងគោកបរាជ័យ ការវាយប្រហារតាមផ្លូវអាកាសត្រូវបានធ្វើឡើង រហូតដល់ចម្ងាយ៩០គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជា។ ខ្ញុំសូមនិយាយទៅកាន់ពិភពលោកថា សង្គ្រាមនេះមានភាពមិនស៊ីមេទ្រីយ៉ាងខ្លាំង។
ការប្រឆាំងនឹងយន្តហោះចម្បាំង F-16 និង Gripen កម្ពុជាឈរដោយភាពធន់ និងប្រកាន់យកនីតិរដ្ឋ។ ប្រឆាំងនឹងការបង្ហាញអំណាចឃោរឃៅ កម្ពុជាបានលើកឡើងនូវប្រវត្តិសាស្ត្រ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់។ តែទោះជាមានអតុល្យភាពយោធាបែបនេះក៏ដោយ ក៏ជនឈ្លានពានមិនអាចសម្រេចបាននូវការគ្រប់គ្រងទឹកដីបានយូរអង្វែងឡើយ។ នេះ​គ្រាន់តែបង្ហាញ​ពី​លក្ខណៈ​ពិត​នៃ​ការ​វាយប្រហារ​ទាំងនេះប៉ុណ្ណោះ៖ ពួកគេ​លែង​និយាយ​អំពី​ការ​ដណ្ដើមទឹកដី​ទៀត​ហើយ ប៉ុន្តែ​និយាយ​អំពី​ការ​បំភិតបំភ័យ ការ​បិទបាំង​ការ​បរាជ័យ និង​ការ​បង្កើតព័ត៌មានភូតកុហក។ ខ្ញុំសូម​និយាយ​ទៅកាន់​ពិភពលោក​ថាអ្វីដែល​កំពុង​កើតឡើង គឺមិនមែនគ្រាន់តែជាបញ្ហាសម្រាប់កម្ពុជាឡើយ។ ពីព្រោះ៖ ការ​ឈ្លានពានមួយដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា​គំរូទៅថ្ងៃក្រោយ ហើយការ​ចុះចាញ់នឹងជំរុញឱ្យ​មាន​ការ​រំលោភ​បំពាន​នា​ពេល​អនាគត​នៅ​កន្លែង​ផ្សេងទៀត នៅពេលណា​ដែល​នីតិរដ្ឋ​មិនអាចទបស្កាត់ការប្រើកម្លាំងបាយ។
២. ខ្ញុំ​ចោទប្រកាន់​ថៃ…
ខ្ញុំ​ចោទប្រកាន់​ថៃ​ថា​ បាន​ធ្វើ​សង្គ្រាម​ដោយ​មិន​មាន​ការ​ប្រកាស ប៉ុន្តែ​ដោយ​ចេតនា​យ៉ាងពេញលេញ។ ខ្ញុំ​ចោទប្រកាន់​ថៃ​ថា​ បាន​ប្រែក្លាយ​ការ​ឈ្លានពាន​ទៅ​ជា​ការ​ការពារ ការ​ញុះញង់​ទៅ​ជា​លេស និង​ការ​ភូតកុហកទៅ​ជា​គោលលទ្ធិ។ ខ្ញុំ​ចោទប្រកាន់​​ថៃ​ថា​ បាន​ធ្វើ​សង្គ្រាម​ប្រឌិតរឿងរ៉ាវ ដោយ​ចង់​សរសេរ​ប្រវត្តិសាស្ត្រ​ឡើង​វិញ លុប​ចោល​ភូមិសាស្ត្រ និង​ជំនួស​ច្បាប់​អន្តរជាតិ​ដោយ​ច្បាប់​របស់​អ្នក​ខ្លាំង​បំផុត។ ក្រោម​ការ​ក្លែងបន្លំ​នៃ​ស្នេហាជាតិ ​ថៃ​បានមួលបង្កាច់ការពិត ប្រើឧប្បត្តិហេតុជាឧបករណ៍ និង​បន្លំថាខ្លួនឯងជាជនរងគ្រោះ។ ខ្ញុំ​ចោទប្រកាន់​បន្ថែម​ទៀត​នូវ​អំណាច​មួយ​ដែល​នៅ​ពេល​​ការ​រួបរួម​ផ្ទៃក្នុង​របស់​ខ្លួន​ធ្លាក់ចុះ បែរជាទៅស្វែងរក​សត្រូវ​ខាងក្រៅ។ ជម្លោះ​នេះ​មិនមែន​គ្រាន់តែ​ជា​ជម្លោះទឹកដី នោះ​ទេ។ វា​ជា​នយោបាយ ជា​និមិត្តរូប និង​ជា​ការ​ប្រមាថមើលងាយ​យ៉ាង​ខ្លាំង។ វាត្រូវបានបម្រើជាបង្វែរការចាប់អារម្មណ៍របស់សាធារណជន រក្សាអំណាចដែលកំពុងមានការប្រជែង និងបង្កើតការភ័យខ្លាចដោយប្រឌិតថាមានការគំរាមកំហែង ពីបរទេសខាងក្រៅ។
៣. ខ្ញុំសូមនិយាយទៅកាន់កម្ពុជា…
ខ្ញុំសូមនិយាយទៅកាន់កម្ពុជាថា៖ ចូរឈរឱ្យរឹងមាំ ពីព្រោះយើងយល់ពីអត្ថន័យដើម្បីរស់រានមានជីវិត។ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ ប្រជាជនរបស់យើងបានស៊ូទ្រាំឆ្លងកាត់សង្គ្រាម២លើក និងការប្រល័យពូជសាសន៍មួយ។ យើងដឹងពីតម្លៃនៃឈាម។ យើងក៏យល់ពីតម្លៃនៃសាមគ្គីភាពផងដែរ។ សព្វថ្ងៃនេះ ទាហានរបស់យើងកាន់កាប់ទីតាំងរបស់ពួកគេ ដោយដឹងយ៉ាងច្បាស់ថានៅពីក្រោយពួកគេមិនត្រឹមតែជាសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែជាប្រជាជាតិ ទាំងមូល។ នៅតាមទីក្រុង និងបណ្ដាភូមិ ការខ្វះខាតត្រូវបានបំពេញដោយការជួយគ្នាទៅវិញទៅមក។ សាមគ្គីភាពមិនត្រូវបានប្រកាសជាសាធារណៈទេ។ តែវាមានជីវិត។ វាជាការពិត បច្ចុប្បន្ន និងនៅរស់រវើក។
ការឈរឱ្យរឹងមាំមិនមែនដើម្បីអំពាវនាវឱ្យមានការស្អប់ខ្ពើមនោះទេ។ វាដើម្បីបដិសេធការលុបបំបាត់ចោល។ ការឈរឱ្យរឹងមាំគឺដើម្បីជឿថាច្បាប់ សូម្បីតែនៅពេលត្រូវបានជាន់ឈ្លីក៏ដោយ ក៏តែងតែងើបឡើងម្តងទៀត។ ការឈរឱ្យរឹងមាំ គឺដើម្បីដឹងថាការកុហកមិនដែលស្ថិតស្ថេរឡើយ។ ជនឈ្លានពាននឹងដួលរលំ ព្រោះវាដើរទៅមុខឈរលើមូលដ្ឋាននៃការភូតកុហក។ ហើយនៅពេលដែលវាដួលរលំ សេចក្តីពិតនឹងបង្ហាញខ្លួននៅពីមុខវា។ កម្ពុជា​សូម​អំពាវនាវ​ដល់​អ្នក ​ដែល​នៅ​តែ​ជឿជាក់​លើ​យុត្តិធម៌ សន្តិភាព និង​នីតិរដ្ឋ។ កម្ពុជា​អំពាវនាវ​ដល់​ប្រជាជាតិ​កុំ​បែរមុខ​ចេញ។ ការប្រងើយកន្តើយពីការឈ្លានពាននៅថ្ងៃនេះ នឹងទុកឱ្យការឈ្លានពានកើតឡើងនៅថ្ងៃស្អែក។
ចំពោះ​អ្នក​ដែល​វាយប្រហារ​យើង យើង​ឆ្លើយ​តប​យ៉ាង​ច្បាស់​ថា៖ យើង​នឹង​មិន​បោះបង់​ចោល​ទាំង​ទឹកដីរបស់យើង សិទ្ធិរបស់យើង ឬ​ការ​ចងចាំរបស់យើង ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​យើងដាច់ខាត»៕