ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារដែលនៅសល់ប្រមាណ ៨ម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែធ្នូថា ឱកាសការងារចំនួន ៨០ ៧៣២កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។
ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះរាជធានីភ្នំពេញ មានឱកាសការងារច្រើនជាងគេចំនួន ២៥ ៣៤២កន្លែង បន្ទាប់មកខេត្តកំពង់ស្ពឺ មានឱកាសការងារចំនួន ១៨ ៧៨០កន្លែង ខេត្តកណ្តាល មានឱកាសការងារចំនួន ១០ ០២៧កន្លែង និងខេត្តតាកែវ មានឱកាសការងារចំនួន ៧ ៩០២កន្លែង។
ដើម្បីអាចទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន។
ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ តាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម៕





