ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ


ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ គ.ស.ម.ក. ចូលរួមចុះសុខទុក្ខវីរកងទ័ពខ្មែរប្រមាណជិត ៤០នាក់ ដែលបានរងរបួស និងកំពុងសម្រាកទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកវេជ្ជបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វីរកងទ័ព ដោយបានបញ្ជាក់ថា ការចុះមកសួរសុខទុក្ខនេះគឺជាការលើកទឹកចិត្ត និងគោរពដឹងគុណចំពោះគុណូបការៈពុំអាចកាត់ថ្លៃបាន ដែលវីរកងទ័ពយើង ក៏ដូចជាក្រុមគ្រួសារ បានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដីរបស់កម្ពុជា ពីសត្រូវឈ្លានពាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បន្ថែមផងដែរថា ការប្រយុទ្ធតស៊ូក្នុងសង្រ្គាមដើម្បីការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏អង់អាច ក្លាហាន និងមោះមុតជាងពេលណាៗទាំងអស់ សម្រាប់យុវជនជំនាន់ក្រោយក្នុងការបណ្តុះស្មារតីស្នេហាជាតិ ព្រមទាំងបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងកម្ពុជា និងក្រៅប្រទេសបានគោរពដឹងគុណ និងបានក្រោកឈរពួតដៃគ្នាវេញជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងឈរកៀកកិតបង្កើយជាមួយវីរកងទ័ពជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បាននាំយកមកជូនវីរកងទ័ពនិងក្រុមគ្រួសារនីមួយៗ ដូចជាអង្ករ មី ត្រីងៀត ក្រម៉ា ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនដល់ខាងមន្ទីរពេទ្យ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ផងដែរ៕