គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ត្រូវកែសម្រួលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន


ឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។

កិច្ចប្រជុំនេះ បានរៀបចំឡើងនា​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥​ ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​អគ្គទេសាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

«គោលនយោបាយថ្មី»នេះ ​គឺជាការធ្វើបច្ចុប្បន្នកម្មជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧», «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ។

គោលនយោបាយថ្មី​ នេះ មានគោលបំណង៖ ១. ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និង ក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស; និស្សិត; កម្មករនិយោជិត; និង អ្នកធ្វើចំណាកស្រុក និង ២. ជំរុញការអភិវឌ្ឍនគរូបនីយកម្ម ។

ដើម្បីសម្រេចគោលបំណងខាងលើ «សេចក្តីព្រាងគោលនយោបាយ​» នេះបានបញ្ចូលនូវទិដ្ឋភាពថ្មី ចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយ ឆ្នាំ ២០១៧ រួមមាន៖

១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និង វិស័យឯកជន;
២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និង យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល;
៣. ការកែតម្រូវ និង ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង អតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច; និង
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង ។

ទន្ទឹមនេះ​ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និង ជួល)«គោលនយោបាយថ្មី» នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី; មធ្យម; និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និង អាចអនុវត្តបាន ។

អង្គប្រជុំ បានពិភាក្សា និង កែសម្រួលលើចំណុចគន្លឹះមួយចំនួន និង បានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និង មានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» នេះ។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួម និង កិច្ចសហការក្នុងការផ្តល់យោបល់កែលម្អជាបន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលបានខិតខំដឹកនាំធ្វើការសិក្សា និងកែសម្រួលនាពេលកន្លងមក ដែលធ្វើឱ្យសេចក្តីព្រាងនៃឯកសារ «គោលនយោបាយថ្មី» នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និង អនុម័តនាពេលឆាប់ៗខាងមុខ ៕