(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖
– ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។
ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៤ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

