ព្រឹទ្ធសភា ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា


(ភ្នំពេញ)៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានដ៏សាហាវ យង់ឃ្នង និងខុសច្បាប់ ដែលបង្កឡើងដោយកងទ័ពថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយ ប្រហារយ៉ាងខ្លាំងក្លា និងដោយឥតរើសមុខ ដោយប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ យន្តហោះចម្បាំងប្រភេទ F-16 និង T-50TH ព្រមទាំងអាវុធដទៃទៀត មកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ របួស ភៀសខ្លួន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបុរាណ ទ្រព្យសម្បត្តិរដ្ឋ និងបរិស្ថាន។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ២(៤) នៃធម្មនុញ្ញនៃអង្គការសហ ប្រជាជាតិ (ឆ្នាំ១៩៤៥) អនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងពិធីសារបន្ថែមនៃអនុសញ្ញានេះ ព្រមទាំងវិធាននៃច្បាប់ទំនៀមទម្លាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបានកំណត់ក្នុងសិក្សារបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ ការវាយប្រហារលើទីតាំងបេតិកភណ្ឌវប្បធម៌ ក៏ជាការរំលោភ បំពានបន្ថែមទៀតលើអនុសញ្ញាយូណេស្កូ (UNESCO) ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ពិភពលោក (ឆ្នាំ១៩៧២)។ សកម្មភាពរបស់ប្រទេសថៃ ក៏បានបង្ហាញពីការមិនគោរពចំពោះសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីរឿងក្តីប្រាសាទព្រះវិហារ (ឆ្នាំ១៩៦២) ដែលបានបញ្ជាក់ យ៉ាងច្បាស់នូវអធិបតេយ្យរបស់កម្ពុជាលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទនេះ។

អំពើឈ្លានពាននេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ, ធម្មនុញ្ញអាស៊ាន (ឆ្នាំ២០០៧), និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ (TAC ឆ្នាំ១៩៧៦) ដែលឧបករណ៍គតិយុត្តទាំងនេះ សុទ្ធតែបានចែងជា កាតព្វកិច្ចឱ្យរដ្ឋនានាត្រូវគោរពអធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី។

ព្រឹទ្ធសភាសូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះសកម្មភាពខុសច្បាប់របស់ប្រទេសថៃ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសដោយឥតងាករេ លើការរំលោភបំពានទាំងនេះ ព្រមទាំងទាមទារឱ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ និងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពអរិភាពទាំងឡាយ ដែលកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់កម្ពុជា ក៏ដូចជាក្នុងតំបន់។

បន្ថែមលើនេះ ព្រឹទ្ធសភាសូមអំពាវនាវឱ្យប្រទេសថៃ អនុវត្តតាមកិច្ចព្រមព្រៀង ឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ និងរាល់កាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិ ឱ្យបានពេញលេញ និងដោយស្មោះត្រង់បំផុត៕