សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ រំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពវីរៈយុទ្ធជន ង៉ ក្រូច ដែលបានពលី ក្នុងសមរភូមិ


(រតនគិរី)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំគណៈប្រតិភូសាខា ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឈរជើងនៅតំបន់អានសេះ ខេត្តព្រះវិហារ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋាន ភូមិ តាហ៊ើយ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានពលីក្នុងសមរភូមិ លោកញ៉ែម សំអឿន បាននាំប្រសាសន៍រំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពវីរយុទ្ធជន ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិ ប្រកបដោយការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន បានបូជាជីវិតដើម្បីជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕