(ភ្នំពេញ)៖ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយការឈ្លានពានយ៉ាងកម្រោលរបស់យោធាថៃនាពេលនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្តេចបវរធិបតី ដែលកំពុងដឹកនាំបញ្ជារ និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងស្មារតី “ខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ”ក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក៏មិនអាចនៅសុខផងដែរ គឺមានការខ្វាយខ្វល់បារម្ភអំពីសុខទុក្ខវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកយើងគ្រប់ពេលវេលា។ ក្នុងនាមជាប្រជាជនខ្មែរ យើងទាំងអស់គ្នាមានកាតព្វកិច្ច និងទំនួលខុសត្រូវ ចូលរួមការពារជាតិមាតុភូមិកម្ពុជាផងដែរ។ ដូច្នេះ អ្នកមានកម្លាំង ចេញកម្លាំង, អ្នកមានធនធាន ចេញធនធាន ហើយរឹតតែសំខាន់ គឺស្មារតីសាមគ្គីភាព ខ្មែរជួយខ្មែរ ខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។
តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្រ្ជោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរកងទ័ពជួរមុខយើង ដែលបានវេញចូលគ្នាជាធ្លុងមួយនាពេលនេះ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល និងជាអាវុធដ៏ស័ក្តិសិទ្ធបំផុតក្នុងការកំចាត់សត្រូវឈ្លានពានឱ្យវិនាសអន្តរាយ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសម្តែងនូវការគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ និងសូមផ្ញើរសារជូនដល់វីរកងទ័ពទាំងអស់ឱ្យបានជ្រាបថា បងប្អូនមិនឯការទេ យើងខ្ញុំទាំងអស់គ្នា ក៏ដូចជា ក្រុមហ៊ុន វឌ្ឍនៈ គ្រុបទាំងមូល ប្តេជ្ញានឹងបន្តខិតខំចូលរួមឧបត្ថម្ភគាំទ្រ និងផ្តល់កម្លាំងចិត្តជូនដល់វីរកងទ័ពទាំងអស់ ទាំងធនធានសម្ភារៈ និងស្មារតី ជាបន្តបន្ទាប់ឱ្យអស់ពីលទ្ធភាព។
គុណបំណាច់ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ពកម្ពុជាចំពោះជាតិមាតុភូមិ និងប្រជាជននាពេលនេះ ពិតជាត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្រ្តកម្ពុជា “ជាវីរជនស្នេហាជាតិដ៏មហិមារនាសម័យតេជោធិបតី” និងត្រូវបានដិតដាមជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបគ្មានថ្ងៃបំភ្លេចបានឡើយ។
សូមយើងទាំងអស់គ្នាបន្តចូលរួម និងជឿជាក់លើរាជរដ្ឋាភិបាល សម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីរួមគ្នាកំចាត់សត្រូវឈ្លានពាន ការពារបូរណភាពទឹកដី ជួយបងប្អូនជនភៀសសឹកទាំងអស់ឱ្យឆាប់បានត្រលប់ទៅផ្ទះសម្បែងវិញ ហើយកុមារកម្ពុជាឆាប់បានចូលរៀនជាធម្មតាវិញ។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាការពារ វីរកងទ័ពជួរមុខកម្ពុជាទាំងអស់ សូមឱ្យមានសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រលប់មកផ្ទះវិញជាមួយនឹងជ័យជំនះដ៏ត្រចះត្រចង់។



