(ឧត្តរមានជ័យ)៖ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋាន អំឡុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសកម្មភាពដាំដុះដំណាំរួមផ្សំ របស់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងគូសបញ្ជាក់ថា៖ សកម្មភាពបង្កបង្កើនផលជុំគ្នានៅលើផ្ទៃដីជិត៣ហិចតា ក្បែរមណ្ឌលសុវត្ថិភាពនេះ គឺធ្វើឡើងស្របតាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព តាមរយៈការដាំដុះបន្លែបង្ការ ដើម្បីសម្រាលបន្ទុកថវិកាប្រចាំថ្ងៃរបស់បងប្អូនក្នុងគ្រាអាសន្ននិងធានាផ្ដល់នូវបន្លែបៃតងស្រស់ៗ ដែលមានសុវត្ថិភាពសម្រាប់សុខភាព។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំទាំងអស់គ្នា ដោយសស្រាក់សស្រាំនេះគឺជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ ដែលបង្ហាញថា ទោះបីក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ បងប្អូននៅតែមានស្មារតីតស៊ូ បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត និងជួយគ្នាទៅវិញទៅមក។
សកម្មភាពដាំដុះបន្លែរួមគ្នានេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលជួយឱ្យបងប្អូនជនភៀសសឹកមានភាពកក់ក្តៅ និងមានកម្លាំងចិត្តក្នុងករណីដែលត្រូវស្នាក់នៅឆ្ងាយពីផ្ទះសម្បែងជាបណ្ដោះអាសន្នផងដែរ។
គួរបញ្ចាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងជ្រើសរើសយកទីតាំងនេះធ្វើជាកន្លែង «កសិដ្ឋានកសិកម្មជនភៀសសឹក»។កសិដ្ឋាននេះនឹងក្លាយជាគំរូនៃការរៀបចំប្រព័ន្ធស្បៀងបម្រុង និងជាកន្លែងបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដើម្បីធានាថាគ្រប់មណ្ឌលសុវត្ថិភាពទាំងអស់ក្នុងខេត្តឧត្ដរមានជ័យ នឹងមានលទ្ធភាពផ្គត់ផ្គង់បន្លែបង្កាដោយខ្លួនឯងជានិរន្តរ៍៕





















