ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បង្ហាញក្ដីសោមនស្សរីករាយ ក្រោយកម្ពុជាទទួលបានយុទ្ធជន១៨នាក់ ត្រឡប់មកមាតុប្រទេសវិញ


(ភ្នំពេញ)៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្ដីសោមនស្សរីករាយ ក្រោយកម្ពុជាទទួលបាន យុទ្ធជន១៨នាក់ របស់ខ្លួន ត្រឡប់មកមាតុប្រទេសវិញ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម Dominic Williams បានបញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជាបានស្វាគមន៍ទាហានរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ នេះជាការវិវឌ្ឍនវិជ្ជមានមួយ»។

ឯកឧត្តមបន្តថា «ចក្រភពអង់គ្លេស បន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជា និងប្រទេសថៃ ឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីកសាងសន្តិភាពយូរអង្វែង»

យុទ្ធជនកម្ពុជា ចំនួន ១៨ នាក់ ខាងលើ ត្រូវបានភាគីថៃដោះលែង និងប្រគល់ឱ្យត្រឡប់មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ១៥៥ ថ្ងៃ។ ពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់បាន១ថ្ងៃ។

ក្រសួងការពារជាតិ បានអះអាងថា ការសម្រេចដោះលែងយុទ្ធជនកម្ពុជាទាំង ១៨ នាក់នេះ គឺផ្អែកលើស្មារតីនៃកិច្ចប្រជុំកន្លងមក ជាពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបន្ទាប់ពីបទឈប់បាញ់ រវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមានរយៈពេល ៧២ ម៉ោង៕