(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញផែនការសកម្មភាពជាអាទិភាព របស់ក្រសួងបរិស្ថានសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ គឺ «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ ផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន នឹងធ្វើការជំរុញសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ឱ្យទទួលបានលទ្ធផលល្អថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ ក្នុងឆ្នាំកន្លងមក បានខិតខំបំពេញការងារដោយកម្លាំងកាយ កម្លាំងចិត្ត និងបេះដូង បម្រើឱ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងការអប់រំ ផ្សព្វផ្សាយ ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។
«ក្រសួងបរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនេះ គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការងារឱ្យមានប្រសិទ្ធភាពនិងសមិទ្ធផលខ្ពស់ ថែមទៀត ដើម្បីកម្ពុជាកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព ដែលកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែម ក្នុងវេទិកា៕










