ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាស្រឡាញ់ និងការពារសន្តិភាព ហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី


ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះបានបញ្ជាក់ជូនឡើងវិញថា កម្ពុជាស្រឡាញ់ និងការពារសន្តិភាព ហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុត កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ជាថ្មីម្តងទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត ហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំថា កម្លាំងមហាសាមគ្គីជាតិ និងការចងចាំប្រវត្តិសាស្ត្រ គឺជាខ្សែការពារជាតិដ៏រឹងមាំបំផុតរបស់កម្ពុជាដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សាមគ្គីរស់ សាមគ្គីឈ្នះ» ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ៕