សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្ដទទួលអំណោយពីសប្បុរសជន ដើម្បីចែកជូនវីរ់ៈកងទ័ព និងជនភៀសសឹក


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពី លោកជំទាវឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជានិងស្វាមី អ្នកឧកញ៉ា ឌុក ទីប៉ាណា និងពី លោកជំទាវ ឧកញ៉ា ហាក់ តាំងណៃ សម្រាប់បន្តចែកជូនដល់វីរកងទ័ព និងជនភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិមហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយ រាជរដ្ឋាភិបាល និងវីរយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកជំទាវឧកញ៉ា ពីររូបក៏ដូចជា សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និងតាមរយៈថ្នាក់ដឹកនាំស្ថាប័ននានាក្តី សុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរគោរពជាទីបំផុត ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។
អំណោយសប្បុរសធម៌ដែល សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលបានពី លោកជំទាវឧកញ៉ា ទី គឹមស្រ៊ាន និងស្វាមី អ្នកឧកញ៉ា ឌុក ទីប៉ាណា នៅក្នុងឱកាសនេះ មានអង្ករ១តោន ខោអាវ២០គីប និងថវិកា២លានរៀល ។ ចំណែកអំណោយរបស់ លោកជំទាវឧកញ៉ា ហាក់ តាំងណៃ មានផ្អកត្រីចំនួន២០០គីឡូក្រាម និងអាល់កុល២០កេស ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុតមិនធ្លាប់មាននៅក្នុងគ្រាដែលប្រទេសជាតិជួបការលំបាកនេះបានផុសឡើងនៅគ្រប់ប្រទាប់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នាក់ដឹកនាំរហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជាកម្លំាងចលករដ៏សំខាន់ឈរយ៉ាងស្វាហាប់ ពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនរបស់យើង ជាខឿនដ៏រឹងមាំការពារប្រទេសជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។
ក្នុងស្មារតីសមរភូមិក្រោយគំាទ្រ និងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសស្រាក់សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។
ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បានធ្វើការបែងចែកជូន ដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារមួយចំនួនទៀតសម្រាប់ចែកជូនវីរយុទ្ធជន ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។
រដ្ឋសភានៅតែបន្តទទួលអំណោយសប្បុរសធម៌ ហើយធ្វើការបែងចែក អំណោយ ទាំងនោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច រវាងយុទ្ធជនជួរមុខ និងពលរដ្ឋជួរក្រោយ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិ និងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ៕