កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង


នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង​ ឯកឧត្តម សួន សូផា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានអញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ពាក់ព័ន្ធនឹងចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តទាំងពីរ​ ក្រោមអធិបតីភាព​ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងប្រតិភូអមដំណេីរ​ លោកអភិបាលរងខេត្ត​ស្វាយរៀង​-ព្រៃវែង​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្ត​ទាំងពីរ​ លោកប្រធានមន្ទីរផែនការខេត្ត​ លោកអភិបាលក្រុង ស្រុករវាងខេត្តទាំងពីរ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត​ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល ក្រុង ស្រុកទាំង៨​ លោក/លោកស្រី មេឃុំអណ្តូងត្របែក មេឃុំចន្ត្រី មេឃុំជ្រៃធំ មេឃុំក្រសាំង មេឃុំមុខដា មេឃុំម្រាម មេឃុំសំបួរ មេឃុំសម្បត្តិមានជ័យ មេឃុំត្រស់ នៃ ស្រុករមាសហែក​ លោក/លោកស្រី មេឃុំបុសមន មេឃុំឆ្នា មេឃុំកំពង់ចក មេឃុំជ្រុងពពេល មេឃុំកំពង់អំពិល មេឃុំម៉ឺនជ័យ មេឃុំសង្កែ មេឃុំស្វាយចេក នៃស្រុករំដួល​ លោក/លោកស្រីមេឃុំទាំង១៦ នៃស្រុកស្វាយជ្រំ -លោក/ លោកស្រីចៅសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង​ និងលោក​ លោកស្រីជាអភិបាល​ អភិបាលរងស្រុក​ មេឃុំ​ ជាប់ព្រំប្រទល់ខេត្តស្វាយរៀង​ និងខេត្តព្រៃវែងជាច្រេីនរូបទៀត។
សូមជម្រាបជូនថា​ គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ​ ក្រោយពីពិនិត្យលេីទីតាំងភូមិសាស្ត្រ​រវាងព្រំប្រទល់ខេត្តទាំងពីរ​បានសហការពិនិត្យវាល់វែងជាក់ស្តែងរបស់មន្ទីរជំនាញ​ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំងពីនាពេលកន្លែងទៅ​ និងឈានទៅដល់ការឯកភាពរួម និងកំណត់ខ្សែបន្ទាត់ព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរស្វាយរៀង​ ព្រៃវែង​ ឱ្យបានច្បាស់លាស់ និងសុក្រឹត​ ដែលធ្លាប់តែកន្លងទៅមានភាពមិនច្បាស់លាស់ ឬត្រួតស៊ីគ្នានៅត្រង់ចំណុចប្រសព្វនៃស្រុកជាប់ព្រំប្រទល់​ មួយចំនួន​ ជាពិសេសធានាបានថា​ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំប្រទល់ អាចទទួលបានសេវាសាធារណៈ រដ្ឋបាល សុវត្ថិភាព ការអភិវឌ្ឍ ដោយច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅយ៉ាងពិតប្រាកដពេលនេះ​ និងទៅថ្ងៃអនាគតផងដែរ៕