ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ គណៈប្រតិភូក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy ដឹកនាំដោយ DATUK RAHIM BIN HJ HASHIM និង DATUK DR YAAKOP BIN SAPARI ចូលជួបសម្ដែងការគួរសម និងរាយការណ៍ពីការធ្វើដំណើរ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយភារតភាព DATUK RAHIM BIN HJ HASHIM និង DATUK DR YAAKOP BIN SAPARI បានថ្លែងអំណរគុណជូនដល់លោករដ្ឋមន្រ្តី ចំពោះការផ្តល់ពេលវេលាជួបសម្ដែងការគួរសម និងរាយការណ៍ពីចំណាប់អាម្មរណ៍លើដំណើរពីប្រទេសម៉ាឡេស៊ីមកដល់ប្រទេសកម្ពុជានាពេលនេះ។
លោកប្រធានគណៈប្រតិភូ បានជម្រាបជូនលោករដ្ឋមន្រ្តី ពីគោលបំណងនៃ The Trans ASEAN MADANI Convoy ដែលមានគោលដៅពាំនាំនូវសារជាសកលពីសន្តិភាព កិច្ចសហប្រតិបត្តិការរួមគ្នា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការផ្សព្វផ្សាយ និងជម្រុញវិស័យទេសចរណ៍ សម្រាប់តំបន់អាស៊ានដែលត្រូវចូលរួមទាំងអស់គ្នាឱ្យក្លាយជាតំបន់ដែលមានសន្តិភាពបំផុតមួយលើពិភពលោក។
ក្បួនរថយន្តនេះ ធ្វើដំណើរឆ្លងកាត់៤ប្រទេស៖ ម៉ាឡេស៊ី ថៃ ឡាវ និងកម្ពុជា ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមពីប្រទេសនីមួយៗ ១២ គ្រឿង សរុបអ្នកចូលរួម ជាង២០០រូប ដែលសហការរៀបចំដោយ National Cooperative Movement of Malaysia Bhd (Angkasa), the Asean-Japan Friendship Association for the 21st Century, Malaysia, and Koperasi Perumahan Awam Malaysia (Kopama) Bhd។ កម្មវិធីនេះ ក៏ត្រូវបានរៀបចំឱ្យស្របជាមួយយុទ្ធនាការ Visit Malaysia Year 2026 ដែលត្រូវបានប្រកាសបើកជាផ្លូវការដោយលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ីកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី រដ្ឋាភិបាលម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី ដែលបានជួយស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងសន្តិភាពរហូតនាំមកនូវបទឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃកន្លងមក។
រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានជ្រើសរើសធ្វើដំណើរមកទស្សនកិច្ចផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសភាពការណ៍ពិត កត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ល្អប្រសើរ សុវត្ថិភាពផ្តល់ជូនដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលវិលទៅរកប្រក្រតីភាពដូចមុន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសគឹបដិសណ្ឋារកិច្ចដ៏កក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងជម្រើសកន្លែងស្នាក់នៅដ៏សំបូរបែប និងម្ហូបអាហារមានឱជារសឆ្ងាញ់ពិសាជាមួយនឹងជម្រើសហាឡាល (Halal) ផងដែរ។
លោករដ្ឋមន្រ្តី ហួត ហាក់ បាននាំនូវការជូនពរឆ្នាំថ្មី ឆ្នាំសកលពីសំណាក់សម្តេចធិបតី និងបានជូនពរគណៈប្រតិភូក្បូនរថយន្តអាស៊ានអញ្ជើញធ្វើដំណើរនិវត្តប្រកបដោយសុខសុវត្ថិភាព និងពាំនាំនូវអនុស្សាវីរិយ៍ល្អៗ សក្តានុពលទេសចរណ៍ និងវិនិយោគ ព្រមទាំងសភាពការណ៍ល្អប្រសើរផ្សព្វផ្សាយដល់ប្រជាជនម៉ាឡេស៊ី និងភ្ញៀវទេសចរអន្តរជាតិ បន្តធ្វើដំណើរទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ នេះ៕













