ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តែងមានវត្តមានជានិច្ច គ្រប់កាលៈទេសៈ ពិសេសគ្រាប្រទេសជាតិ និងប្រជាជនត្រូវការ


ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពទេ ប៉ុន្តែនៅពេលដែលប្រទេសជាតិ និងប្រជាជនជួបប្រទះនូវការលំបាក ឬត្រូវការ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានចូលចំណែក និងខ្នះខ្នែងជួយទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ដែលនេះ បានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមគ្រូពេទ្យក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។

ការថ្លែងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្រ្តី ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ចំនួន ៥០០នាក់ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី, ថ្នាក់ដឹកនាំស.ស.យ.ក. លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនរូប។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងបន្តថា ពិតជាសូមអំណរគុណ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ រួមទាំងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

លោកបានបន្ថែមថា ការរីកធំធាត់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមកនេះ ក៏អាស្រ័យទៅលើការយល់ច្បាស់ពីបុព្វហេតុរបស់ក្រុមការងារ ក្នុងការសម្រាលបន្ទុកប្រទេសជាតិ តាមរយៈការបំពេញតម្រូវការសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ក្នុងឳកាសនោះលោកក៏បានសម្ដែងការស្វាគមន៍ចំពោះសមាជិកនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះផងដែរ។

ជាមួយគ្នាលោកបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: បានសម្ដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានអញ្ជើញចូលរួមជាអធិបតីនាឱកាសនេះ។

លោកបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: ក៏បានរាយការណ៍អំពីសមិទ្ធផលសម្រេចបានរយៈពេល ១៤ ឆ្នាំកន្លងមករបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅ(UHS) ដែលរួមមាន ការរីកធំធាត់នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ និងប្រជាជនភៀសសឹកដោយឥតគិតថ្លៃ ការបណ្តុះស្មារតីមនុស្សធម៌ សីលធម៌វិជ្ជាជីវៈដោយភ្ជាប់ជាមួយឡូហ្គូស.ស.យ.ក ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅសមរភូមិជួរមុខជាដើម៕