អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះសំណាល និងនាំអំណោយឧបត្ថមគ្រួសារវីរៈកងទ័ពជួរមុខ ប្រជាការពារ និងពលរដ្ឋមានជីវភាពខ្វះខាត៣០០គ្រួសារ នៅស្រុកមោងឬស្សី


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់ គ្រួសារវីរៈកងទ័ពជួរមុខឈរជើងការពារព្រំដែនកម្ពុជា-ថៃ, ប្រជាការពារ និងពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ នៅស្រុកមោងឬស្សី។

ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរៈកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

អភិបាលខេត្តបានបន្តថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរៈកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានបន្តក្រើនរម្លឹកប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍បំពង់សំឡេងខ្លាំង ក្នុងភូមិឋានដែលបង្កការរំខានដោយសំឡេងប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ។

អភិបាលខេត្ត បានអំពាវនាវគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរម្លឹកប្រជាពលរដ្ឋត្រូវរួបរួមគ្នា និងជឿជាក់ លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរៈកងទ័ពជានិច្ច៕