ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តចាក់អង្រែលើ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយព្រះវិហារចាស់ បានសាងសង់មានរយៈពេលយូរ និងមានការខូចខាត មិនអាចជួសជុលបាន។
ពិធីនេះបានធ្វើឡើងនៅក្នុងបវិវេណវត្តចាក់អង្រែលើ និងដោយមានការចូលរួមពីឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងមានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាជ្ញាធរណ្ឌមានជ័យ លោកតា លោកយាយ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
ថ្លែងនាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តចាក់អង្រែលើ នេះគឺស្របពេលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្លាំងលើវិស័យពុទ្ធសាសនានេះផងដែរ ជាមួយគ្នានោះរាជរដ្ឋាភិបាលរួមទាំងក្រសួងស្ថាប័នទាំងអស់ បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណាឱ្យប្រទេសជាតិយើងរុងរឿង រីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នាឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រាប់ដល់ប្រជាពលរដ្ឋពីខិតខំប្រឹងប្រែងដើរទាក់ម៉ូយ ពីក្រៅប្រទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីមកដាក់ទុកវិនិយោគនូវកម្ពុជា នឹងបង្កើតការពារជូនប្រជាពលរដ្ឋបានធ្វើ ដែលជាក់ស្តែងពេញមួយឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានទាក់ទាញគម្រោងវិនិយោគបាន ៦៣០គម្រោង និងបង្កើតឱកាសការងារបានរាប់ម៉ឺនកន្លែងជូនពលរដ្ឋផងដែរ។
បន្ថែមពីនេះស្របជាមួយនឹងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបួងសួង និងយកបុណ្យកុសលដែលបានធ្វើនេះ ឧទ្ទិសជូនដល់វីរយុទ្ធជនកម្ពុជាដែលពលីនៅក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងសូមចែករំលែកនូវកុលសផលបុណ្យដែលបានធ្វើនេះជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមទទួលបាននូវចំណែកបុណ្យស្មើរៗគ្នា រួមទាំងគោរពជូននូវកុសលផលបុណ្យនៃការរៀបចំកសាងព្រះវិហារនេះ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
បើតាមលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ឱ្យដឹងថា ក្រោយព្រះវិហារវត្តចាក់អង្រែលើនេះ បានសាងសង់មានរយៈពេលយូរមកហើយ និងមានសភាពចាស់ ខូចខាត មិនអាចជួសជុលបាន និងបាត់គុណភាពសំណងទាំងស្រុង ទើបព្រះចៅអធិការ អាចារ្យ គណៈកម្មាធិការវត្ត ប្រជាពុទ្ធបរិស័ទ បានសម្រេចក្នុងការរុះរើ និងកសាងឡើងវិញសារជាថ្មី ដែលព្រះវិហារថ្មីនេះ មានកម្ពស់ ២ជាន់ ដែលមានទំហំសរុប ២៤ម៉ែត្រ x ៣៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាសរុប ១ ៣៥០ ០០០ដុល្លារ៕






















