ក្រសួងការបរទេសប្រកាសលទ្ធផលជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក


នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លី មកកាន់រាជធានីភ្នំពេញ។ ជំនួបនេះបានផ្ដល់ឱកាសដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកបន្ថែមទៀត ហើយបានធ្វើឡើង បន្ទាប់ពីលោក Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន អាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើន នៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយចំនួន ១០លានដុល្លារអាមេរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក DeSombre អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា អាទិភាពរបស់កម្ពុជា គឺរក្សាបទឈប់បាញ់ អនុញ្ញាតឱ្យជនស៊ីវិលភៀសសឹកទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ និងពន្លឿនការងារបោះបង្គោលខណ្ឌសីម៉ាព្រំដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីចំពោះការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះសហរដ្ឋអាមេរិក ជាពិសេស ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ដែលកម្ពុជា និងថៃ សម្រេចបាននៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការបន្តប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកទឹកចិត្តដល់ការអនុវត្តឲ្យបានពេញលេញនូវ បទឈប់បាញ់ ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក DeSombre បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។ លោកក៏បានស្វាគមន៍ផងដែរចំពោះការដោះលែងយោធិនខ្មែរ១៨នាក់ ដែលបានវិលត្រឡប់មកជួបជុំគ្រួសារវិញ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ថវិកាចំនួន១៥លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ សហគមន៍នៅព្រំដែនកម្ពុជានិងថៃ និងថវិកាចំនួន ១០លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា។