កិច្ចប្រជុំអនុវត្តផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
មានប្រសាសន៍ ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការគន្លឹះសំខាន់ៗ មួយចំនួនទៅដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ មុននឹងចុះបង្ក្រាបជាក់ស្តែង ហេីយចំគោលដៅ ពិសេសទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើស ONLINE SCAMSជាក់ស្តែង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ក្នុងនោះខេត្តស្វាយរៀង កន្លងមកកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតែងតែបានបំពេញការងាររបស់ខ្លួនក្នុងការបង្ក្រាបជាបន្តបន្ទាប់ផងដែរ ទាំងការចាប់ជំរិត និងបទល្មេីសផ្សេងៗទៀតជាដើម ដូច្នេះក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នេីដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់។