ក្រសួងអប់រំ និង Yeo’s បន្ដចុះ MoU លើគម្រោង «យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា» ដោយពង្រីកសាលាកាន់តែច្រើនទូទាំងប្រទេស


(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិជំនួយសប្បុរសធម៌ Ng Teng Fong តាមរយៈក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច(Yeo’s) បានបន្ដចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU) សម្រាប់ឆ្នាំទី២ លើគម្រោង «យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា»។

 

ពិធីចុះ MoU នេះ មានការអញ្ជើញចុះហត្ថលេខារវាងលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក Ong Yuh Hwang នាយកប្រតិបត្តិក្រុមហ៊ុន វ៉ាយ អេច អេស ផងដែរ។

គម្រោង “យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា” នៃមូលនិធិជំនួយសប្បុរសធម៌ Ng Teng Fong គាំទ្រដោយក្រុមហ៊ុន Yeo’s ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅ លើកកម្ពស់ការយល់ដឹង ស្តីពីការទទួលទានភេសជ្ជៈផ្អែមដោយគិតពីសុខភាព ដែលមានកម្រិតជាតិស្ករតិចដល់សិស្សានុសិស្ស ដែលរៀននៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ជាពិសេសការបណ្តុះទម្លាប់ក្នុងការទទួលទានភេសជ្ជៈផ្អែមដែលកម្រិតជាតិស្ករតិច។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណដល់ភាគីក្រុមហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួង ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុខភាពកុមារកម្ពុជា ឲ្យទទួលបានការលូតលាស់ពេញលេញតាមរយៈរបបអាហារត្រឹមត្រូវ ចំពោះសុខភាព ដែលបានបង្កើតនូវផលជាវិជ្ជមានដល់លទ្ធផលសិក្សារបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា និងការចូលរួមសហការយ៉ាងល្អជាមួយក្រសួងនាពេលកន្លងមក ឈានដល់ការចុះកិច្ចព្រមព្រៀងបន្តគាំទ្របន្ថែមទៀតដល់យុទ្ធនាការខាងលើ សម្រាប់ឆ្នាំ២០២៦ នេះ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ ក្នុងការលើកកម្ពស់សុខភាពសិក្សា ឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹងគុណភាពធនធានមនុស្សជំនាន់ក្រោយឱ្យកាន់តែរឹងមាំដើម្បីក្លាយជាកម្លាំងចលករជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ។

លោកស្រី ហេង សុទ្ធាវី បានបញ្ជាក់ថា នេះគឺជាឆ្នាំទី២ និងជាពេលវេលាដ៏មានមោទនភាព សម្រាប់ក្រុមហ៊ុន Yeo’s ដែលបន្ដអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា លើគម្រោង «យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា» បន្ទាប់ពីការកិច្ចសហការឆ្នាំដំបូង រយៈពេលកន្លះឆ្នាំ ចាប់ពីខែកក្កដា ដល់ដំណាច់ឆ្នាំឆ្នាំ២០២៥ ផលិតផល Yeo’s បានទទួលការគាំទ្រ និងមានការបញ្ជាទិញលើសការរំពឹងទុក។

នៅឆ្នាំដំបូង ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុន Yeo’s ផ្ដល់ជូនភេសជ្ជៈ ដល់សាលាចំនួន ២០០កន្លែង ទូទាំងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានកំណត់ផែនការលក់ប្រមាណ ១ម៉ឺនកេស តែជាលទ្ធផលនៃជំហានដំបូងនេះ ក្រុមហ៊ុនលក់បានរហូតដល់ ១៣,០០០កេស ។ កត្ដានេះ ទើបជំរុញឲ្យក្រុមហ៊ុនមានមោទនភាព ក្នុងការបន្ដចុះ MoU ជាមួយក្រសួង ហើយបានពង្រីកការគាំទ្របន្ថែម ដល់សាលាបឋមសិក្សា អនុវិទ្យាល និងវិទ្យាល័យសរុបចំនួន ៥០០កន្លែង ទូទាំងប្រទេស។

លើសពីនេះ ក្រុមហ៊ុន Yeo’s ក៏នឹងផ្ដល់ជូនភេសជ្ជៈ ដល់សិស្សានុសិស្ស តាមរយៈកម្មវិធីជាច្រើន ដូចជានៅក្នុងទិវាគ្រូបង្រៀន, កម្មវិធីបើកបវេសនកាល និងកម្មវិធីប្រកួតកីឡាផ្សេងៗទៀត ព្រមទាំងការផ្ដល់ជូនកុំព្យទ័រចំនួន ១០០គ្រឿង ដល់សាលាចំនួន ១០កន្លែង ដែលនឹងត្រូវជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) រួមជាមួយការសាងសង់បង្គន់អនាម័យ និងអណ្ដូងទឹកស្អាតជាដើម។

លោកស្រីសង្ឃឹមថា ការពង្រីកការគាំទ្ររហូត ២០០% សម្រាប់ឆ្នាំនេះ នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីអាណាព្យាបាល និងសិស្សានុសិស្សា ជាមួយភេសជ្ជៈ Yeo’s ដែលជាផលិតផលស្ដង់ដារ និងមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព ទាំងផ្លូវកាយ និងបញ្ញាស្មារតី ។ លើសពីនេះ ប្រសិនបើគម្រោងនេះ ទទួលបានការគាំទ្រ និងបញ្ជាទិញច្រើន ក្រុមហ៊ុននឹងពិចារណាពង្រីកខ្សែចង្វាក់ផលិតកម្មនៅក្នុងស្រុក ដើម្បីធានាការផ្គង់ផ្គង់ទីផ្សារក្នុងស្រុកផង និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរផង ដ្បិតបច្ចុប្បន្នបុគ្គលិករបស់ក្រុមហ៊ុន Yeo’s ទាំងអស់ សុទ្ធតែជាជនជាតិខ្មែរ។

ចំពោះផលិតផល Yeo’s ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យចូលរួមក្នុងយុទ្ធនាការខាងលើ បច្ចុប្បន្នមាន ១២ប្រភេទ ក្នុងនោះមានទឹកសណ្ដែក ៨ប្រភេទ, ទឹកដោះគោជូរ ២ប្រភេទ និងផលិតផលទឹកដោះគោលថ្មី ២ប្រភេទទៀត ដែលជាជម្រើសដ៏ល្អសម្រាប់សិស្សានុសិស្ស ព្រោះគ្រប់ផលិតផល សុទ្ធតែផលិតយោងតាមអង្គការសុខភាពពិភពលោក និងមានកម្រិតជាតិស្ករទាបបំផុត។ បន្ថែមលើនេះ ក្រុមហ៊ុនក៏កំពុងសិក្សាលើផលិតផលថ្មីៗ ដែលអាចពាំនាំសម្រាប់ក្មេងៗទៀតផង។

គួរដឹងថា បច្ចុប្បន្ន Yeo’s មានរោងចក្រចំនួន ៦ នៅប្រទេសចំនួន ៤ ក្នុងនោះមានរោងចក្រ ១ នៅកម្ពុជា, ៣ នៅម៉ាឡេស៊ី, ១ នៅសិង្ហបុរី និង ១ នៅចិន។ រោងចក្រនីមួយៗ មានសមត្ថភាពផលិតនូវផលិតផលស្ដង់ដារ និងមានគុណភាព ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។ សម្រាប់រោងចក្រនៅកម្ពុជា ជាយុទ្ធសាស្ដ្រក្រុមហ៊ុន ក៏មានផែនការពង្រីកខ្សែចង្វាក់ផលិតកម្មកាន់តែធំ ហើយក្រៅពីផលិតផ្គត់ផ្គង់តាមគ្រឹះស្ថានសិក្សា ក្រុមហ៊ុនក៏ផ្ដោតលើប្រជាពលរដ្ឋទូទៅ ដូចជាភេសជ្ជៈកំប៉ុង-កញ្ចប់ ត្រីខ កាហ្វេ ហើយឆាប់ៗខាងមុខ ក្រុមហ៊ុននឹងមានប្រេងខ្យង ម្សៅស៊ុបមាន់ និងផលិតផលជាច្រើនទៀត ហើយគ្រប់ផលិតផល សុទ្ធតែផ្ដោតលើគុណភាព និងផលិតពីធម្មជាតិទាំងអស់៕