កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ នៅក្នុងឆ្នាំ២០២៥ កើនឡើង១២%


(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចេញ-ចូល ជិត៧លាននាក់ មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ (រយៈពេល១២ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ/តេជោ-សៀមរាបអង្គរ-ព្រះសីហនុ / PNH|KTI – SAI – KOS) មាន៖

* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៦ម៉ឺនជើង (៦៤,៨២១ជើង) មានការកើនឡើង១១% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៧លាននាក់ (៦,៩៨៨,២៥៩នាក់) មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៩ម៉ឺនតោន (៩៣,៨៨៩តោន) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២៦ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ (តេជោ – សៀមរាបអង្គរ – ព្រះសីហនុ/ KTI – SAI – KOS) មានជើងហោះហើរ (ទ្វេទិស) ជាមធ្យម/ក្នុង១សប្តាហ៍៖

* អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៨៤៨ ជើង/ សប្តាហ៍ (ទ្វេទិស)
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៣៦៦ ជើង/ សប្តាហ៍ (ទ្វេទិស)
* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥៤ ជើង/ សប្តាហ៍ (ទ្វេទិស)។ សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន១,២៧២ ជើង/សប្តាហ៍។
* ក្នុងនោះ ក៏រាប់បញ្ជូលអាកាសយានដ្ឋានតារាសាគរ ចំនួន៤ជើង/ សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក រវាង KTI ⇄ DSY។
* កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។

ក្នុងចំណោម១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕