(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) លើគម្រោងឆ្ពោះទៅអូឡាំពិក ឆ្នាំ២០២៨ ដែលសហរដ្ឋអាមេរិកនឹងធ្វើម្ចាស់ផ្ទះ(LA Olympic Games 2028)។
ថ្លែងក្រោយពិធីចុះ MoU ខាងលើ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកនេះគឺជាពេលវេលាដ៏មានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីជំរុញក្ដីសង្ឃឹមពួកគេ ក្នុងការហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា តាមរយៈការយកចិត្តទុកដាក់ពីចលនាអូឡាំពិក និងដៃគូពាក់ព័ន្ធ ពិសេស AmCham ដែលបានផ្ដល់នូវគាំទ្រពេញទំហឹង រហូតជំរុញឲ្យមានកិច្ចសហការនេះឡើង ក្នុងការកសាងទំនុកចិត្តពួកគេកាន់តែខ្លាំងបន្ថែមទៀត។
ឯកឧត្តមបន្តថា «គោលដៅនៃការចុះ MoU នេះ គឺដើម្បីកៀរគរការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសប្បុរសជន និងក្រុមហ៊ុនផ្សេងៗ ទាំងក្រុមហ៊ុននៅអាមេរិក និងនៅកម្ពុជា ដើម្បីរួមចំណែកជួយដល់ការហ្វឹកហាត់កម្រិតខ្ពស់ ព្រោះការហាត់កម្រិតខ្ពស់របស់កីឡាករ-កីឡាការិនី ត្រូវការគាំទ្រជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងផ្សេងៗ។ ដើម្បីឆ្លើយតបនឹងការលះបង់ខ្ពស់ ក្នុងការចូលរួមលេងកីឡាជំនាញនេះ យើងត្រូវការការថ្នាក់ថ្នម និងថែទាំពួកគាត់ ឲ្យបានគ្រប់គ្រាន់ និងគ្រប់លក្ខខណ្ឌនៃវិទ្យាសាស្ដ្រកីឡា ទាំងផ្លូវកាយ និងផ្លូវចិត្ដ»។
បន្ថែមលើការគាំទ្រនេះ កម្ពុជា ក៏នឹងស្វែងរកធនធានកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យ និងឆន្ទៈខ្ពស់ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ទាំងក្នុង និងក្រៅប្រទេស ពិសេសហាត់នៅតាមជំរុំហ្វឹកហាត់សម្រាប់ត្រៀមកីឡាអូឡាំពិក ស្របតាមផែនការយុទ្ធសាស្ដ្រកម្ពុជា ដែលនឹងជំរុញឲ្យមានអត្តពលិកជាប់វគ្គជម្រុះ(Qualify)ឲ្យបានច្រើន ដើម្បីទទួលបានសិទ្ធចូលរួមប្រកួតកីឡាអូឡាំពិក ដោយសមត្ថភាព ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃស្វែងរកមេដាយអូឡាំពិកលើកដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិក រដូវក្ដៅ នាទីក្រុង Los Angeles សហរដ្ឋអាមេរិក នាឆ្នាំ២០២៨។
លោក Casey Barnett បានបញ្ជាក់ថា កិច្ចសហការខាងលើ ចាប់ផ្ដើមអនុវត្តពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ចប់អូឡាំពិក ឆ្នាំ២០២៨ ក្នុងគោលដៅរៃអង្គាសថវិកា សម្រាប់គាំទ្រដល់អត្ដពលិកកម្ពុជា ហើយបច្ចុប្បន្ន ក៏មានក្រុមហ៊ុនអាមេរិកមួយចំនួន បានផ្ដល់ការគាំទ្រជាបណ្ដើរៗផងដែរ។ លោកថា ការរួមចំណែករបស់វិស័យឯកជន ដើម្បីគាំទ្រអត្តពលិកនេះ មិនមែនតែនៅកម្ពុជានោះទេ សហរដ្ឋអាមេរិក គឺអនុវត្តដូចគ្នា ព្រោះកាលបើពឹងលើថវិកាជាតិ មិនគ្រប់គ្រាន់នោះទេ។
ហេតុនេះលោកសង្ឃឹមថា កម្ពុជានឹងអាចអនុវត្តតាមមធ្យោបាយដូចគ្នា ក្នុងការកៀរគរការគាំទ្រពីបណ្ដាក្រុមហ៊ុន និងសប្បុរសជន ដើម្បីកេរ្ដិ៍ឈ្មោះ និងជោគជ័យរបស់អត្តពលិកកម្ពុជា ក្នុងការប្រកួតអន្ដរជាតិនានា ពិសេសកីឡាំអូឡាំពិក នៅសហរដ្ឋអាមេរិក។ អ្នកជំនួញជនជាតិអាមេរិកដដែល ក៏បានសរសើរ NOCC ដែលបានគាំទ្រកីឡាករ-កីឡាការិនីកម្ពុជាយ៉ាងខ្លាំង សម្រាប់ដំណើរឆ្ពោះទៅរកភាពជោគជ័យនៅអូឡាំពិក តាមរយៈការកំណត់នូវប្រភេទកីឡាសក្ដានុពលមួយចំនួន ដែលជាក្ដីសង្ឃឹមស្វែងរកមេដាយ ដូចជាកីឡាហែលទឹក អត្តពលកម្ម ការ៉ាតេ តេក្វាន់ដូ និងចំបាប់ ជាដើម។
ជាមួយគ្នា ក្នុងនាមពលរដ្ឋ នៃប្រទេសម្ចាស់ផ្ទះ លោក Casey ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងអត្តពលិកកម្ពុជា ក្នុងការចូលរួមការប្រកួតកីឡាអូឡាំពិក នាឆ្នាំ២០២៨ ហើយលោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងបង្កើននូវមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិកាន់តែជិតស្និទ្ធបន្ថែមទៀត រវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕




