នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង “កិច្ចប្រជុំពិគ្រោះយោបល់លើកទី១” ស្តីពីការអភិវឌ្ឍផែនការមេ ភស្តុភារកម្មនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រុមជំនាញការភ័ស្តុភារកម្មនៃធនាគារពិភពលោក អង្គការJICA តំណាងមកពីក្រសួងពាក់ព័ន្ធនិងដៃគូអភិវឌ្ឍ មន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន វិស័យឯកជន និងស្ថាប័នសិក្សាធិការផងដែរ។
កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញរបាយការណ៍បឋមមួយដែលរៀបចំឡើងដោយអង្គការJICA និងធនាគារពិភពលោកស្តីពីការអភិវឌ្ឍផែនការមេភស្តុភារកម្ម និងដើម្បីបញ្ជាក់អំពី គោលដៅ យុទ្ធសាស្រ្ត និងបញ្ជីឈ្មោះគម្រោងរយៈពេលខ្លីប្រកបដោយសក្កានុពលដែលកំណត់ឡើង ដោយក្រុមជំនាញការ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវថ្នល់ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកពីក្រុងភ្នំពេញ-ក្រុងព្រះសីហនុ ការស្តារផ្លូវដែកភាគខាងជើងភ្នំពេញ- ប៉ោយប៉ែត ការសាងសង់ផ្លូវរថភ្លើងដឹកអ្នកដំណើរពីទីក្រុងទៅកាន់ព្រលានយន្តហោះ ការតភ្ជាប់ផ្លូវរថភ្លើង ពីភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត (AGT) នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរអំពីផែនការឆ្នាំ២០១៧ទាក់ទងនឹង នីតិវិធីគ្រប់គ្រងការជួសជុល និងថែទាំ ដើម្បីលើកកម្ពស់គុណភាពផ្លូវថ្នល់ ក៏ដូចជាផែនការតភ្ជាប់ផ្លូវ រថភ្លើងពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ព្រលានយន្តហោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញ ពីសារសំខាន់នៃការទាញយកសក្កានុពលពីការប្រើប្រាស់បណ្តាញផ្លូវទឹកឱ្យបានល្អបំផុតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណាយលើការដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃការបង្កើតក្រុមប្រឹក្សា ភស្តុភារកម្មជាតិ(NLC) គណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ (NLSC) និងសមិទ្ធផលនាពេលថ្មីៗនេះដែលសម្រេចបានក្នុងវិស័យសាធារណៈ និងវិស័យដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការJICA និងធនាគារពិភពលោកដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូន និងការអភិវឌ្ឍផែនការមេភស្តុភារកម្មកម្ពុជា។