នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ (ស្មើនឹង ៦.៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន ១.៩១៧គ្រួសារ, បន្ទាយមានជ័យ ១៧៤គ្រួសារ, បាត់ដំបង ១៨គ្រួសារ, ប៉ៃលិន ៤គ្រួសារ និងព្រះវិហារ ១គ្រួសារផងដែរ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។
មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងសូមសម្តែងនូវកត្តញ្ញុតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះវីរភាព និងសកម្មភាពមនុស្សធម៌ សម្រាប់ប្រជាជនកម្ពុជា នាពេលកន្លងមក និងទៅថ្ងៃអនាគតពុំអាចកាត់ថ្លៃបាន។ ជាក់ស្តែងការរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌នាថ្ងៃនេះ គឺពិតជាបានបញ្ជាក់ឱ្យឃើញនូវសមានចិត្ត ការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែគិតគូររាល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ជាក់ស្តែងក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥ កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបំពេញសកម្មភាពមនុស្សធម៌ ដោយបានចែកអំណោយជូនគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងគ្រួសារងាយរងគ្រោះបំផុត បានសរុបចំនួន ៤.៣៧៣គ្រួសារ។ ទន្ទឹមនឹងនេះ សាខាក៏បានចុះសួរសុខទុក្ខ និង ចែកអំណោយជូនគ្រួសារភៀសសឹកសរុបចំនួន ២.០៩៦គ្រួសារទៀតផង។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះសវណីយ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រមទាំងសូមជូនពរបងប្អូនប្រជាពលរដ្ឋសូមមានសុខភាពល្អ ដើម្បីបន្តប្រកបរបរចិញ្ចឹមជីវិតតទៅមុខទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយស្បៀង-សម្ភារដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទក្រហមកម្ពុជា ទើបកាកបាទក្រហមកម្ពុជានាំយកអំណោយទាំងអស់នេះមកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ។ ជាក់ស្តែង អំណោយដែលនាំយកមកចែកជូននាពេលនេះមាន ភួយ ជាអំណោយរបស់ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC), មុងអង្រុត និងភួយ ជាអំណោយរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា, ភេសជ្ជៈបាកាស ជាអំណោយរបស់ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល, នំប៉័ងនិងទឹកសុទ្ធ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ដោយឡែក លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ និងលោកអ្នកឧកញ៉ា ហុង សួន ស៊ីគង់ទ្រីវ ក៏បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីសកម្មភាពមនុស្សធម៌ផងដែរ។
ថ្លែងពីលើវេទិកានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ពីបញ្ហាសុខភាពគឺជាកត្តាសំខាន់បំផុត ដែលសម្តេចបានអំពាវនាវជូនដល់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនជានិច្ច ដើម្បីជៀសវាងមានជំងឺនានាដែលនាំឱ្យយើងចំណាយលុយកាក់ និងខាតបង់ពេលវេលាប្រកបរបរទទួលទានផងដែរ ដូច្នេះសូមបងប្អូនប្រកាន់ខ្ជាប់ពាក្យស្លោក «ការពារ ប្រសើរជាងព្យាបាល»។ ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ បើទោះបីជាខ្លួនធ្លាប់បានសម្រាលកូនទី១ ឬទី២ ឬទី៣ ហើយក៏ដោយ ក៏សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ដែលជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ជាមួយគ្នានេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅមន្ទីរពេទ្យ ឬជួបជាមួយគ្រូពេទ្យជំនាញដែលនៅជិតដើម្បីព្យាបាលជំងឺឱ្យបានទាន់ពេលវេលា កុំទុកឱ្យជំងឺកាន់តែធ្ងន់ធ្ងរទៅៗដែលធ្វើឱ្យពិបាកព្យាបាល។ ទន្ទឹមនឹងនេះសូមពុកម៉ែបងប្អូនអាណាព្យាបាលទាំងអស់ មើលថែកូនចៅតូចៗឱ្យបានល្អនៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ កុំបណ្តោយឱ្យលេងទឹកបឹង-ទឹកត្រពាំង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារនៅពេលដែលត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់គណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតាមដានក្តាប់ឱ្យជាប់នូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលតែងតែមានមុខជួយដល់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងសូមឱ្យក្មួយៗយុវជនទាំងអស់ត្រូវធ្វើជាគម្រូល្អដល់អ្នកដទៃ ជាមិត្តអប់រំមិត្ត ជៀសវាងគ្រឿងញៀន និងអំពើមិនល្អផ្សេងៗដែលសង្គមស្អប់ខ្ពើម។
ប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានក្តីរំភើបនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ឆៃប៉ូវ ២កំប៉ុង (ស្មើនឹង ២គីឡូក្រាម), ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ភេសជ្ជៈបាកាស ៦កំប៉ុង, ឃីត (សារុង១ ក្រមា១ មុង២ ភួយ២) ១ឃីត, នំប៉័ង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ៣ម៉ឺនរៀល។
ដោយឡែកបន្ថែមពីលើការផ្តល់អំណោយជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារខាងលើនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់ស្បៀងនិងសម្ភារ ៧៩៥ឈុត (ស្មើនឹង ៧៩៥គ្រួសារ), ភួយចំនួន ៣.០០០ភួយ, មុងអង្រុតចំនួន ៥០០មុង, ទឹកបរិសុទ្ធ វី-អាកទីវចំនួន ៣.០០០កេស និងភេសជ្ជៈ វី-កូឡា ចំនួន ៣.០០០កេស ជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ទៅតាមការចាំបាច់ផងដែរ ដែលពិធីប្រគល់-ទទួលបានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ នៅសាលាខេត្តសៀមរាប។
សូមជម្រាបជូនផងដែរថា ក្នុងឆ្លៀតឱកាសអញ្ជើញដល់វត្តបូទុម្មរតនញ្ញាណ (ហៅវត្តស្រណាល), សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ ក៏បានអញ្ជើញបូជាទៀនធូបផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅក្នុងវត្ត ដែលក្នុងនោះទេយ្យទានសម្រាប់ប្រគេនវត្តរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ២០កេស, ត្រីខ ៣កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, ឆៃប៉ូវ ២០កំប៉ុង (ស្មើនឹង ២០គីឡូក្រាម), ប្រេងឆា ២កេស (ស្មើនឹង ២៤ដប), ស្ករស ២០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោរូស ១០ថង់ (ស្មើនឹង ៥០០កញ្ចប់តូច), តែ ១០គីឡូក្រាម, ភេសជ្ជៈ វី-កូឡា ១០កេស, ទឹកបរិសុទ្ធ វី-អាកទីវ ១០កេស, និងថវិកា ៥លានរៀល។ ដោយឡែក ប្រគេនព្រះចៅអធិការវត្ត សាដក១ និងបច្ច័យ ១លានរៀល, ប្រគេនព្រះសង្ឃគង់អម ៦អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ៤០ម៉ឺនរៀល ព្រមទាំងជូនតាអាចារ្យ ៤នាក់ ក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល និងជូនតាជីយាយជី ១៣នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល៕


