រដ្ឋបាលខេត្តតាកែវ រៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ «គម្រោងតេជោភូមិ១០០»


តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ និង លោក ណាហ្គាសិ កេនស៊ូគិ អនុប្រធានបេសកម្ម តំណាងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) «គម្រោងតេជោភូមិ១០០» ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុកក្រុង អាជ្ញាធរស្រុកអង្គរបូរី ប្រជាពលរដ្ឋ យុវជនកាយរិទ្ធ កាកបាទក្រហម ស.ស.យ.ក. និងតំណាងអង្គការស្ថាបននានាចូលរួម។
សូមជម្រាបជូនដែរថា គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) «គម្រោងតេជោភូមិ១០០» នៅស្រុកអង្គរបូរី បានចាប់ផ្ដើមកសាងឡើងនៅអំឡុងខែមករា ឆ្នាំ២០២៥ និងនេះគឺបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងភូមិគោលដៅ តាមរយៈ ៖
១) ការកសាងសមត្ថភាពសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាកម្មទេសចរណ៍ និងការបង្កើតផលិតផលថ្មីៗ។
២) លើកកម្ពស់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារ បង្កើនជីវភាពរស់នៅតាមរយៈដាំដុះដំណាំកសិកម្ម។
៣) កសាងហេដ្ឋារចនាសម្ព័ន្ធនិងការផ្តល់ជូននូវសម្ភារៈបរិក្ខា ដើម្បីគាំទ្រដល់ប្រតិបត្តិការទេសចរណ៍ និងកសិកម្ម ៕