កិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងពាណិជ្ជកម្ម និងអង្គការ GIZ ក្នុងការរៀបចំគម្រោងគាំទ្រវិស័យពាណិជ្ជកម្មថ្មី


ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់មួយជាកិច្ចចាប់ផ្ដើមបេសកកម្មវាយតម្លៃគម្រោងថ្មីមួយដែលផ្ដល់ហិរញ្ញប្បទានដោយសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ ដែលមានទឹកប្រាក់សរុប ៩,៣៥ លានអឺរ៉ូ ដោយមានអង្គការ GIZ ជាភ្នាក់ងារអនុវត្ត។
ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលបំណងធំរបស់គម្រោងថ្មីនេះ គឺដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជាទៅនឹងការធ្វើ​សមាហរណ​កម្មអាស៊ាន ជាពិសេសដើម្បីឲ្យមានសមត្ថភាពពេញ​លេញ​ក្នុងការចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្រៅពីនេះដែរ គម្រោងនេះនឹងបន្តការងារដែលសម្រេចបានក្រោមការអនុវត្តកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ដែលបានបញ្ចប់នៅឆ្នាំ២០១៦ កន្លងទៅ ដើម្បីជំរុញសកម្មភាពទាំងនោះឲ្យអភិវឌ្ឍបន្ថែមមួយកំរិតទៀតសំដៅទៅរកការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងថ្មីនេះនឹងផ្ដោតទៅលើសមាសភាពចំនួនបីគឺ៖ (១) កិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាអន្តរវិស័យនានា (២) គោលនយោបាយពាណិជ្ជកម្ម សមាហរណកម្មអាស៊ាន ការពង្រឹងសមត្ថភាព និងការអនុវត្តច្បាប់ និង (៣) ពង្រឹងការចូលរួមរបស់វិស័យឯកជនក្នុងការងារអភិវឌ្ឍពាណិជ្ជកម្ម។
នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមជាយោបល់បន្ថែមទៅលើការរៀបចំគម្រោងនេះពីបណ្ដានាយកដ្ឋានមួយចំនួនក្នុងក្រសួងពាណិជ្ជកម្ម ក៏ដូចជាតំណាងពីក្រសួង និងស្ថាប័នដទៃទៀតដូចជាដែលមានវត្តមាននៅទីនោះ។
បេសកកម្មវាយតម្លៃគម្រោងនេះនឹងត្រៀមធ្វើការបូកសរុប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ។