អភិបាលខេត្តពោធិ៍សាត់ បិទបញ្ចប់កម្មវិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ត្រឹមក្រុងពោធិ៍សាត់ ដែលមានសមាសភាពចូលរួមប្រមាណ១,០៧៣នាក់


គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦មក បន្ទាប់ពីបានប្រារព្ធធ្វើ នៅតាមបណ្តាលស្រុកទាំង៦រួចរាល់ហើយនោះ, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានបិទបញ្ចប់កម្មវិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ត្រឹមក្រុងពោធិ៍សាត់ ដែលមានសមាសភាពចូលរួមប្រមាណ១,០៧៣នាក់ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំទូទាំងក្រុងពោធិ៍សាត់ ក៏ដូចជាទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ។

ឯកឧត្តមបានលើកឡើងថា គ្រូបង្រៀន គឺជាវិស្វករនៃព្រលឹងដ៏មានតម្លៃបំផុត, បើគ្រូបង្រៀនមានគុណភាព មានផ្នត់គំនិតស្រលាញ់ និងសាមគ្គីភាពជាតិខ្មែរតែមួយដ៏រឹងមាំ នោះសិស្សដែលជាសសរទ្រូងជាតិ ក៏នឹងរឹងមាំដូចគ្នា។ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សហើយនោះ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំទុកដាក់សំរាម និងបរិស្ថានសិក្សា ទាំងក្នុង និងក្រៅសាលាឱ្យបានស្អាតល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ បានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពខ្ពស់បំផុត ក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺត្រូវបង្កើតនូវ «សាលារៀនគំរូ» ដែលមានគុណភាពពិតប្រាកដ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានចំណេះដឹង និងជំនាញច្បាស់លាស់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារ ឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងជាពិសេសបង្កើតបាននូវធនធានមនុស្សដែលមានគុណភាព ជាខែលការពារជាតិដ៏រឹងមាំ។

ឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្នុងអាណត្តិដឹកនាំខេត្ត បានរយៈពេលជាង៣ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងលោកគ្រូ អ្នកគ្រូបានឃើញហើយថា សមិទ្ធផលថ្មីៗបានកើតមានជាហូរហែរ ដូចជាភ្លើងបំភ្លឺផ្លូវសាធារណៈ តាមទីប្រជុំជនក្រុង ស្រុក ក៏ដូចជាផ្លូវជាតិ ផ្លូវជនបទ, ការដឹកនាំចលនារៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន, ការដោះស្រាយ និងចាក់ពង្រីកច្រាំងស្ទឹង…។ល។ ចំពោះការអភិវឌ្ឍខេត្តនេះទៀតសោធ មិនមែនជាភារកិច្ចផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការរួមទាំងអស់គ្នា, ដូច្នេះលោកសូមឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ចូលរួមគាំទ្រដើម្បីឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនឈានឡើង។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីជាចម្បង ដើម្បីការពារបូរណភាពទឹកដីផង និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង។

ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមសូមឱ្យលោកគ្រូ អ្នកគ្រូ ត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ដោយបានការចូលរួមពីឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធ គ្រូពេទ្យ ស.ស.យ.ក ក៏បានចូលរួមក្នុងពិធីបុណ្យសព ឧបាសក ខឹម ភិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ ត្រូវជាឪពុក លោក ឆាយ ភន អតីតស្នងការរងនគរបាលខេត្ត និងជាសមាជិកក្រុមប្រឹក្សាស្រុកបាកាន និងត្រូវជាឪពុកក្មេក លោកស្រី មិត្ត សុភាព អភិបាលរងស្រុកក្រគរផងដែរ៕