សម្ដេចមហារដ្ឋសភា ឃួន សុដារី ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ១៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពល មាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មហោឡារិកអធិកអធមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការកោតសរសើរ ប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះ លោកជំទាវបណ្ឌិត ដែលជាវីរជនស្ត្រីដ៏ឆ្នើមមួយរូប ជាឧត្តមភរិយា និង មាតាដ៏ល្អប្រពៃថ្លៃថ្លា ប្រកបដោយគុណធម៌ គតិបណ្ឌិត និងសមត្ថភាពខ្ពស់ក្នុងការបំពេញបេសកកម្មដឹកនាំសមាគម កាយឫទ្ធិនារីកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) និងចលនាកាកបាទក្រហមកម្ពុជា សម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនក្នុងសកម្មភាពការងារមនុស្សធម៌ និងសុខុមាលភាពសង្គម ដើម្បីជាឧត្តម ប្រយោជន៍ជូនជាតិមាតុភូមិ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងតួនាទីស្ត្រី ការពង្រឹងសាមគ្គីភាពជាតិ ជាធ្លុងមួយ និងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។

ជាងនេះទៅទៀត លោកជំទាវបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមដំណើរជាមួយ សម្តេចមហាប់វរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការ អភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ដោយរក្សាបាននូវកិត្យានុភាពជាតិល្បីរន្ទឺឮសុសសាយទាំងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្តស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ពីយើងខ្ញុំទាំងអស់គ្នា៕