រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលចំពោះការផ្សព្វផ្សាយមិនពិតថា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ពេលនេះទាហានសៀមចូលកាន់កាប់ឈរជើង


រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោលចំពោះការផ្សព្វផ្សាយថា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ។ ការផ្សព្វផ្សាយនេះ ជាការផ្សាយមិនពិត ហើយយករូបថតចាស់ពីមុនមកផ្សាយ ក្នុងគោលបំណង ដើម្បីបំភ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងអាចធ្វើឱ្យសាធារណជនមានការយល់ច្រលំ។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មាន ទើបនឹងទទួលបាននាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានសរសេររៀបរាប់ថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានចុះផ្សាយលើ គណនីហ្វេសបុករបស់ខ្លួនថា “ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ…។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
ទី១-ស្ពានស្ទឹងមេទឹកដែលពីមុនទាហានសៀមបានរំលោភបំពាន តាមរយៈការកំទេចស្ពានដោយយន្តហោះ F-16 កន្លងទៅនោះ បច្ចុប្បន្នពុំមានទាហានសៀមចូលកាន់កាប់ដូចការចុះផ្សាយរបស់គណនីហ្វេសបុក ឈ្មោះ Sarath Sun ឡើយ។ ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់គាត់វិញ។

ទី២-កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានអមដំណើរ និងបានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងចំនួន៤ ក្នុងនោះទីតាំងចំនួន២រួមមាន ចំណុចអូរភ្លុកដំរី និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) មានផលប៉ះពាល់ដោយ ទាហានសៀមរំលោភឈ្លានពាន ចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា។ ចំពោះទីតាំងចំនួន ២ទៀតរួមមាន ស្ពានស្ទឹងមេទឹក និងចំណុច (ច១) ត្រូវបានទាហានសៀមរំលោភបំពាន ដោយការបំផ្លិចបំផ្លាញ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ ពុំមានការរំលោភចូលកាន់កាប់ទឹកដីរបស់កម្ពុជាយើងនោះឡើយ។ ហើយជាក់ស្តែងនៅក្នុងថ្ងៃនោះដដែល ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់បទសម្ភាសន៍ ជូនទូរទស្សន៍ នៅលើទីតាំងស្ពានស្ទឹងមេទឹកផ្ទាល់តែម្តង។

ទី៣-ក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមគាត់វិញ ប្រមាណ៩០%ហើយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹក កំពុងរស់នៅជាធម្មតា ហើយថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ ដើម្បីរួមចំណែកកែលម្អជីវភាពទៀតផង។

ទី៤-រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sarath Sun ដែលជាការផ្សាយមិនពិត ហើយយករូបថតចាស់ពីមុនមកផ្សាយ ក្នុងគោលបំណង ដើម្បីបំភ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងអាចធ្វើឱ្យសាធារណជនមានការយល់ច្រលំ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងមេត្តាជ្រាបជាព័ត៌មាន៕