សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ក្នុងសារលិខិតជូនពរ របស់សម្តេចមហាមន្ត្រី គុយ សុផល បានសរសេរថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចូលរួម អបអរសាទរយ៉ាងកក់ក្តៅ និងសូមគោរពជូនពរជ័យ បវរមហាប្រសើរ ជូនលោកជំទាវបណ្ឌិត សូមបាន ប្រកបនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ដើម្បីបន្តចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា។

ខ្ញុំសូមកោតសរសើរដ៏ស្មោះ ជូនលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត បានខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ដើម្បីចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបានលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ ផ្តល់ភាពអង់អាចជូនស្ត្រី និងកុមារគ្រប់រូប ព្រមទាំងបានចូលរួមដឹកនាំ យ៉ាងសស្រាក់សស្រាំ ក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយជួយដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលរងការរំលោភបំពានពីកងទ័ពថៃ ជាពិសេសចូលរួមដឹកនាំ ចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ និងមាន ភាពល្បីសុសសាយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំ នូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូន លោកជំទាវបណ្ឌិត និងសម្តេច មហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវបណ្ឌិត ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕