(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ក្នុងសារលិខិតជូនពរ របស់សម្ដេចម៉ែ បានសរសេរថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនលោកជំទាវបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជាជនកម្ពុជា។
ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅ ជូនលោកជំទាវបណ្ឌិត ដែលជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ប្រកបដោយវីរភាពដ៏ល្អប្រពៃ គុណធម៌ សប្បុរសធម៌ និងឆន្ទៈដ៏មោះមុត ក្នុងការចូលរួមចំណែក យ៉ាងសកម្មបម្រើជាតិ មាតុភូមិ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ ផ្តល់ភាពអង់អាចជូន ស្ត្រី និងកុមារ ជាពិសេសបានចុះសួរសុខទុក្ខ និងនាំយកអំណោយជាបន្តបន្ទាប់ជួយដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លើសពីនេះ លោកជំទាវបណ្ឌិត បានចូលរួមដឹកនាំសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន និងជោគជ័យយ៉ាងត្រចះត្រចង់ រហូតមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូម ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ សូមលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវបណ្ឌិត ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕


