(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ក្នុងសារលិខិតរបស់ព្រះមហាក្សត្រ បានសរសេរថា «ក្នុងឱកាសជំនក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនលោកជំទាវបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការ ចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ខ្ញុំសូមកោតសរសើរដ៏ស្មោះជូន លោកជំទាវបណ្ឌិត ដែលបានលះបង់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញាស្មារតី ប្រកបដោយគំរូវីរភាពដ៏ល្អប្រពៃ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញ ភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតួនាទីរបស់ស្ត្រី នៅក្នុងសង្គម កាន់តែទូលំទូលាយ ព្រមទាំងជួយទំនុកបម្រុង និងជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលរងការរំលោភបំពានពីកងទ័ពថៃ ជាពិសេស លោកជំទាវបណ្ឌិត បានចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានលទ្ធផល ល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធ ពរជ័យ សិរីមង្គល សូម លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមបាន ប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវបណ្ឌិត ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»៕


